(បន្ទាយមានជ័យ)៖ ផ្លូវជាតិលេខលេខ៥៨ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវទឹកជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅខាងទឹកដីថៃ គួបផ្សំនឹងការធ្លាក់ភ្លៀងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែចំពោះការជន់លិចនេះ នៅបន្តចរាចរណ៍បានជាធម្មតា មិនទាន់មានការផ្អាកនោះទេ។

មន្រ្តីក្រសួងធនធានទឹក បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា តាមបទបញ្ជាពីរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ និងក្រោយទទួលបានព័ត៌មាននេះភ្លាម, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យដល់ទីតាំងដោយមានការលិចផ្លូវជាតិលេខ៥៨ ប្រវែង១២០-១៣០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ។

មន្រ្តីបានបញ្ជាក់ថា «ដោយសារពីយប់មិញមានភ្លៀងខ្លាំងនៅខាងទឹកដីថៃ គួបផ្សំនឹងមានភ្លៀងក្នុងប្រទេសប្រមាណ២៤មីល្លីម៉េត្រផងនោះ ទើបបណ្តាលឲ្យទឹកឡើងខ្លាំងនៅតាម អូរព្រំដែនកម្ពុជា-ថៃ និងរហូតមានការលិចផ្លូវជាតិមួយកំណាត់នេះតែម្តង តែមិនមែនជាការបើកព្រលែងទឹកពីទំនប់ធំឈ្មោះ «ហួរ យ៉ាង» របស់ថៃនោះឡើយ។ ទឹកទាំងនេះមួយចំណែកធំ នឹងហូរប្រមូលចូលអាងត្រពាំងថ្ម ដែលបានបញ្ជាឲ្យបើកបន្ធូរបរិមាណតាំងពីព្រឹកមិញមកម្ល៉េះ»។

បើតាមក្រសួងធនធានទឹក ស្ថានភាទឹកនៅតាមព្រំដែនថៃមានដូចខាងក្រោម៖

*ទី១៖ «អូរកំបុត» ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ទឹកបានហូរចូលពីថៃខ្លាំងនៅវេលាម៉ោង១១ ថ្ងៃទី១៧ ខែតុលា ឆ្ន្នំា២០២០ (ហូរខ្លាំង)។
*ទី២៖ «អូរអាងក្តឹបថ្ម» ទឹកហូរកាត់ថ្នល់ជាតិលេខ៥៨ លិចថ្នល់ជាតិប្រវែង ១២០ម-១៣០ម នៅឃុំគោករមៀត ស្រុកថ្មពួក៕