(ភ្នំពេញ)៖ ក្រោយបើកយុទ្ធនាការលុបបំបាត់ និងបង្ក្រាបទីតាំងបើកហ្គេមខុសច្បាប់ នៅទឹកដីរបស់ខ្លួននោះ នៅពេលនេះអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានប្រកាសបញ្ចប់វត្តមានល្បែងកន្ទុយលេខវិញម្តង តាមរយៈការដាក់បញ្ជាដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចុះស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបចាត់វិធានការ យ៉ាងម៉ឺងម៉ាត់កុំឲ្យបន្តវត្តមាន និងលួចលាក់នៅទីណាទៀត។

នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក គួច ចំរើន អភិបាលខណ្ឌ បើកកិច្ចប្រជុំលុបបំបាត់ល្បែងស៊ីសងមួយនេះ ដោយមានការចូលរួមពីលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកអធិការ មេបញ្ជាការ ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់ និងតំណាងប្រជាពលរដ្ឋផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោក គួច ចំរើន បានបញ្ជាក់ថា «រឿងកន្ទុយលេខនេះមានការសំណូមពរ ពីប្រជាពលរដ្ឋយ៉ាងច្រើន ព្រមទាំងអ្នកសារព័ត៌មាន និងការតាមរយៈការចុះផ្សាយ តាមប្រព័ន្ធផ្សេងៗ សុំឲ្យអាជ្ញាធរចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងជាបន្ទាន់ ដូច្នេះយើងមិនត្រូវបង្អង់នោះឡើយ ចំពោះបញ្ហានេះ»

លោកអភិបាលខណ្ឌ បានលើកឡើងថា ដោយសារតែរឿងកន្ទុយលេខនេះ វានាំឲ្យមានឡើងនូវអំពើហិង្សាក្នុងគ្រួសារទៀតផង នៅពេលដែលប្តី ឬប្រពន្ធ បានចាញ់លុយអស់ដោយសារល្បែងស៊ីសងមួយនេះ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌទាំងអស់ ត្រូវចូលរួមសហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ចត្រូវរាយការណ៍ នៅពេលឃើញមានល្បែងកន្ទុយលេខ មួយនេះស្ថិតនៅកន្លែងណា៕