(បាងកក)៖ ថ្ងៃនេះ ក្រុមហ៊ុន Ford Company បានធ្វើការប្រកាសរបាយការណ៍លក់រាយ ប្រចាំឆ្នាំ ២០១៥ នៅតំបន់អាស៊ាន ដែលមាន កំនើនជាង៣.៣% ធៀបនឹងឆ្នាំមុនដែលស្មើនឹង១០៣៩៧៥គ្រឿង។

យោងទៅតាមរបាយការណ៍លក់ របស់ក្រុមហ៊ុនប្រចាំតំបន់អាស៊ាន បានឲ្យដឹងថាចំនួន នៃការលក់បានកើនឡើងនៅក្នុងប្រទេស ហ្វីលីពីន វៀតណាម និងកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនភាគហ៊ុននៅក្នុងទីផ្សារ នៅក្នុងប្រទេសថៃ ក៏មានការកើនឡើងគួរឲ្យ កត់សម្គាល់។

លោក Mark Kaufman នាយកប្រចាំក្រុមហ៊ុន Ford អាស៊ាន បានថ្លែងថា៖ «ការនាំចូលរថយន្ត Ford ស៊េរីថ្មី រូបរាងថ្មី ដូចជារថយន្ត ប្រភេទ Pickup Ranger និងប្រភេទ SUV Everest បានធ្វើឲ្យចំនួនអតិថិជនរបស់ Ford កើនឡើងជាលំដាប់។ លើសពីនេះទៅទៀត យើងបានបន្ដ ធ្វើការបង្កើនទំនាក់ទំនងជាមួយអតិថិជន តាមរយៈការផ្សារភ្ជាប់អតិថិជនជាមួយនឹង បទពិសោធន៍នៃការប្រើប្រាស់ រថយន្ត ព្រមទាំងពង្រីកបន្ថែមនូវអគារតាំងបង្ហាញ រថយន្ត Ford នៅលើទីផ្សារទូទាំងតំបន់អាស៊ានផងដែរ»។

គួរកត់សម្គាល់ដែរថា ក្នុងចំណោមប្រភេទរថយន្ត Ford ទាំងអស់ រថយន្ត Ford Ranger ដែលផលិតនៅប្រទេសថៃត្រូវបានគេទទួល ស្គាល់ថា ជាប្រភេទរថយន្តដែលលក់ដាច់ជាងគេ នៅក្នុងឆ្នាំ២០១៥ នៅលើទីផ្សារប្រចាំតំបន់អាស៊ាន ដែលរួមមានដូចជា ប្រទេស ភីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។

ការលក់រថយន្ត Ford Ranger ស៊េរីថ្មី ទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ាន មានអត្រាកំនើនជិត៨% បើធៀបជាមួយ នឹងតួលេខឆ្នាំមុន ដែលស្មើនឹង ៥៤១១៤ គ្រឿង។  

«រថយន្ត Ford Ranger ស៊េរីថ្មីនេះ បានក្លាយជារថយន្ត ដែលឈានមុខគេ បើធៀបទៅនឹងបណ្តាលរថយន្ត Pick Up ដទៃទៀត ដោយសាររថយន្តនេះ បានធ្វើការរចនា នូវរូបរាងថ្មីស្រឡាង ដែលផ្តល់នូវផាសុកភាព និងបំពាក់នូវបច្ចេកវិទ្យាឆ្លាតលើសគេ ធន់រឹងមាំ កំលាំង និងសមត្ថភាពខ្លាំងជាងមុន សន្សំសំចៃប្រេង និងជំនះគ្រប់ឧបសគ្គនៃការបើកបរ» នេះបើតាមការបញ្ជាក់របស់លោក Mark Kaufman។

លើសពីនេះទៀត ក្នុងឆ្នាំ ២០១៥ រថយន្ត Ford Ranger បានទទួលចំណាត់ថ្នាក់ ផ្កាយប្រាំខាងផ្នែកសុវត្ថិភាព ពីស្ថាប័នវាយតម្លៃរថយន្ត ថ្មីក្នុងតំបន់អាស៊ាន  (ASEAN NCAP) និង ទទួលបានពិន្ទុខ្ពស់បំផុត ជារថយន្តដែលការពារសុវត្ថិភាពអ្នកបើកបរ និងអ្នកធ្វើដំណើរបាន ល្អបំផុត (AOP) បើធៀបទៅនឹងរថយន្ត Pick-Up ដទៃទៀត។ បន្ទាប់ពីរថយន្ត  Ford Ranger រថយន្តប្រភេទ Ford Ecosport ក៏មានកំនើនតម្រូវការផងដែរ ដែលការលក់សរុបបានកើនឡើងរហូត១៣% ពីមួយឆ្នាំទៅមូយឆ្នាំ ដែលស្មើនឹង២០៥១៨គ្រឿង។

នៅក្នុងត្រីមាសទី៣ឆ្នាំ២០១៥ Ford បានធ្វើការសម្ពោធការលក់នូវ រថយន្តស៊េរីថ្មីមួយទៀតគឺរថយន្ត Ford Everest ២០១៦ ដែលជា ប្រភេទរថយន្ត SUV លក្ខណៈគ្រួសារ ដែលជំរុញអោយការលក់រថយន្ត Ford Everest នេះ មានអត្រាកំនើនរហូតដល់ ៩៨% ដែលស្មើនឹង ១១២៣៣គ្រឿង។ រថយន្ត Ford Everest ស៊េរីថ្មីនេះ បានប្ដូរទិសដៅនៃការរំពឹងទុក របស់អ្នកប្រើប្រាស់ចំពោះរថយន្ត SUV ដោយសារថយន្ត Ford Everest បានត្រលប់មកវិញជាមួយនឹងរូបរាងថ្មី រួមនឹងសម្ថតភាពដ៏អស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យា ឈានមុខគេ មិនថាបើកបរលើផ្លូវលំបាក ឬ ផ្លូវរាបស្មើនោះទេ។

បច្ចេកវិទ្យាផ្សេងៗដែលបានបំពាក់នៅលើរថយន្ត Everest ស៊េរីថ្មីនេះ ដែលរួមមាន ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង  (Curve Control) ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) រួមជាមួយនឹងប្រព័ន្ធផ្តល់ដំណឹងពេល មានរថយន្តពីខាងក្រោយ (Cross Traffic Alert) ប្រព័ន្ធគ្រប់គ្រងរថយន្តមិនឲ្យក្រឡាប់ (Roll Stability Control) និងប្រព័ន្ធទប់លំ នឹងរថយន្ត (Electronic Stability Program) ដែលមានមុខងារយ៉ាងសំខាន់ក្នុងការជួយឲ្យអ្នកបើកបរគ្រប់គ្រងស្ថានភាពរថយន្តបាន។ ជាពិសេសគឺ ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (Active Park Assist) ដែលអាចជួយសម្រួលឲ្យអ្នកបើកបរ​ ចូលចតដោយស្វ័យប្រវត្តិ ដោយដោយគ្រាន់តែធ្វើការអបហ្វ្រាំងតែប៉ុណ្ណោះ។

អត្រាកំណើននៃការលក់ និងរបាយការណ៍នៃការលក់សរុបប្រទេសកម្ពុជា បានបញ្ចប់ឆ្នាំ២០១៥ ជាមួយនឹងលទ្ធផលនៃការលក់ របស់ខ្លួន គួរជាទីមោទនភាព ជាមួយនឹងអត្រាកំនើនរហូតដល់៤១% ដែលធ្វើឲ្យកម្ពុជា ជាប្រទេសដែលមាន អត្រាកំនើនខ្ពស់គួរឲ្យ កត់សំគាល់នៅក្នុងតំបន់។

ចំណែកប្រទេសថៃ នៅតែបន្តរក្សានូវកេរ្តិ៍ឈ្មោះ ជាប្រទេសដែលមានរថយន្តលក់ដាច់ជាងគេ នៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងការធ្លាក់ចុះនៃទីផ្សារក្នុងស្រុក Ford នៅតែបន្តធ្វើយ៉ាងណាជំរុញនូវកំនើន នៃភាគហ៊ុនរបស់ខ្លួននៅក្នុងឧស្សាហកម្មប្រទេសថៃ ក្នុងឆ្នាំ២០១៥ ដែលកំនើននោះស្មើទៅនឹង ០.៣៣% រហូតឈានដល់៤.៦% ភាគរយនៃចំនែកទីផ្សារសរុប ដែលស្មើនឹង ៣៦៤៦៣ គ្រឿង។
ប្រទេសហ្វីលីពីន ជាប្រទេសទី២ដែលលក់រថយន្ត Ford ដាច់ជាងគេនៅក្នុងតំបន់អាស៊ាន  ដែលមានមានអត្រាកំណើនរហូត ២៥% ដែលស្មើនឹង ២៥៣៧២គ្រឿង ដែលក្នុងនោះ រថយន្ត Ecosport ជារថយន្ត ដែលទទួលបានការពេញនិយមច្រើនជាងគេ ហើយទី២ គឺរថយន្ត Ford Ranger។

ផ្អែកទៅលើរបាយការណ៍ លក់ប្រចាំឆ្នាំសម្រាប់ប្រទេសវៀតណាម បានបង្ហាញថា តួលេខនៃការលក់រាយ មានកំនើនកើនរហូត ទៅដល់ ៤៨% ដែលស្មើនឹង ២០៧៤០គ្រឿង ។ បន្ថែមពីនេះ ប្រភេទរថយន្តដែលលក់ដាច់ជាងគេនោះគឺ Ford Ranger ដែលមាន អត្រាកំនើនខ្ពស់រហូតដល់ ៨១% ដែលស្មើនឹង ៨៦៨៥គ្រឿង និងរថយន្តទេសចរណ៍សំរាប់ដឹកអ្នកដំណើរ Ford Transit បានកើនឡើង ៥៦% ដែលស្មើនឹង ៥៦០០គ្រឿង និងរថយន្តប្រភេទ SUV Ford Ecosport មានកំនើនកើនឡើងរហូតទៅដល់ ១៤៥% ដែលស្មើនឹង ៣៩៩៧គ្រឿង។

សម្រាប់ប្រទេសម៉ាឡេស៊ីវិញ រថយន្ត Ford Ranger នៅតែជា ប្រភេទរថយន្តលក់ដាច់ជាងគេប្រចាំឆ្នាំ២០១៥ តួលេខនៃការលក់បាន កើនឡើងជាង៨%  រីឯរបាយការណ៍លក់ពេញមួយឆ្នាំ នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងចំនួន៦%។ នៅក្នុងប្រទេសឡាវការលក់ រថយន្តរបស់ក្រុមហ៊ុន Ford បានកើនឡើង៥% ហើយនៅក្នុងប្រទេសសិង្ហបុរី ការលក់បានកើនឡើង៨៣% នៅឆ្នាំ ២០១៥។
លោក Kaufman បានឱ្យដឹងថា «នៅក្នុងឆ្នាំ ២០១៥ យើងបានបន្តការស្វាគមន៍ អតិថិជនថ្មីៗរបស់ Ford ជាច្រើនទៀតនៅទូទាំងទីផ្សារ អាស៊ាន ក្នុងខណៈដែលអគារតាំងបង្ហាញរថយន្ត Ford កំពុងត្រូវបានពង្រីកទូទាំងតំបន់អាស៊ាន យើងនឹងខិតខំដើម្បីបង្កើនចំនួនលក់ និងចំនួនអតិថិជនបន្ថែមទៀតផងដែរ»៕