(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២នៃគណបក្សហ៊្វុនស៊ិនប៉ិច បានស្នើឱ្យសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចមួយ ដើម្បីដាក់ជាមោឃៈភាពនូវលទ្ធផល សមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្វើឡើង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។

សមាជវិសាមញ្ញកាលនោះ ត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់ជាផ្លូវការ តួនាទីសម្តេចក្រុមព្រះ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ម្តងទៀតព្រមទាំងមានតែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំមួយចំនួនបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយលោក កែវ ពុទ្ធរស្មី និងគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ ដឹកនាំដោយសម្តេចក្រុមព្រះរួបរួមគ្នាឡើងវិញ។

តាមរយៈលិខិតរបស់លោក ញឹក ប៊ុនឆៃ ដែលផ្ញើជូនសម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា សមាជនោះបានធ្វើផ្ទុយពីលក្ខន្តិកៈ របស់គណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឹក ប៊ុនឆៃ បាននិយាយថា អង្គសមាជ និងការអនុវត្តការងារក្រោយសមាជ បានធ្វើផ្ទុយនឹងការឯកភាពគ្នាក្នុងអង្គប្រជុំ ថ្នាក់ដឹកនាំកំពូល របស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ហើយសម្តេចក្រុមព្រះ បានធ្វើការផ្លាស់ប្តូរបាវចនាស្លាកសញ្ញា (Logo) គណបក្សហ៊្វុនស៊ិនប៉ិចចាស់ ដែលជាស្នាព្រះហស្ថ សម្តេចព្រះ នរោត្តម សីហនុ និងបានតែងតាំងរចនាសម្ព័ន្ធគណបក្សហ៊្វុនស៊ិនប៉ិចថ្មី ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយមានភាពលម្អៀង ប្រកាន់បក្ខពួកនិយម ដែលភាគច្រើនលើសលប់មកពីគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទំនាក់ទំនងបាននៅឡើយទេ ចំពោះរឿងនេះ។ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បាននិយាយថា លោក ញឹក ប៊ុនឆៃ កំពុងធ្វើខុសនីតិវិធី ដែលតួនាទីលោក អនុប្រធានគណបក្ស មិនអាចស្នើឱ្យរំលាយលទ្ធផលសមាជរបស់គណបក្សបានទេ ។

លោកថា «គាត់សុំរំលាយយ៉ាងម៉េច គឺអត់មាននរណាទៅរំលាយលទ្ធផលនោះកើតទេ គាត់(ញឹក ប៊ុនឆៃ) ជាអនុប្រធាន ហើយសមាជបានឯកភាពចេញជាលាយលក្ខណ៍អក្សក្រសួងមហាផ្ទៃបានទទួលស្គាល់ របាយការណ៍សមាជ រួចទៅហើយ»

គណបក្សហ៊្វុនស៊ិនប៉ិច បានបែកខ្វែកជា២ម្តងទៀត បន្ទាប់ពីបានរួបរួមគ្នាអស់រយៈពេលជាង១ឆ្នាំ។ កាលពីឆ្នាំ២០០៦ គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ឈ្នះក្នុងការបោះឆ្នោតជាលើកដំបូងនៅកម្ពុជាក្រោយចប់សង្គ្រាម ធ្លាប់បានបែកខ្ញែកជាពីរ ក្រោយព្រឹត្តិការទម្លាក់សម្តេចក្រុមព្រះ ចេញពីប្រធានគណបក្ស កាលពីថ្ងៃ១៨ ខែតុលា ឆ្នាំ២០០៦។ ពេលនោះសម្តេចក្រុមព្រះ បានចេញទៅបង្កើត «គណបក្សនរោត្តមរណឫទ្ធិ»។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយ លោក កែវ ពុទ្ធិរស្មី៕