(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឲ្យដឹងថា នៅពេលនេះប្រទេសកម្ពុជា បានបោះជំហានចូលក្នុងប្រព័ន្ធការគ្រប់គ្រង ព័ត៌មានតាមផ្កាយរណប ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ដែលធ្លាប់កើតមានឡើង នឹងកើតមានឡើងនៅឆ្នាំ២០១៦នេះ។

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានកិច្ចប្រជុំជាន់ខ្ពស់ពិគ្រោះយោបល់ និងការផ្តើមការអនុវត្តគម្រោងយន្តការ គ្រោះរាំងស្ងួតក្នុងតំបន់នៅកម្ពុជា (High Level Consultation and Inception Meeting on Implementation of the Regional Drought Mechanism in Cambodia) ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមវត្តមានលោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ (ESCAP) និងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិត Shamika Sirimanne នាយក ICT និងការកាត់បន្ថយហានីភ័យគ្រោះមហន្តរាយរបស់ ESCAP និងមន្រ្តី ដៃគូពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា «ទោះបីជាប្រទេសកម្ពុជាមិនបានជួបប្រទះភាពគ្រោះរាំងស្ងួតខ្លាំងបែបនេះជាញឹកញាប់ក៏ដោយ ក៏កម្ពុជាបានជួបប្រទះនូវប្រភេទគ្រោះរាំងស្ងួត ដែលមិនសូវត្រូវបានកត់សម្គាល់ដូចជា៖ ការធ្លាក់ភ្លៀងមិនទៀងទាត់ និងការថយចុះកម្រិតទឹកភ្លៀងក្នុងអំឡុងពេលរដូវមូសុង (រដូវវស្សា) ដែលមានផលប៉ះដោយផ្ទាល់លើវិស័យកសិកម្ម ដែលជាវិស័យសំខាន់មួយរបស់សេដ្ឋកិច្ចរបស់ប្រទេសយើង»

បើតាមលោកទេសរដ្ឋមន្រ្តី របាយការណ៍គ្រោះមហន្តរាយនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្នាំ២០១៥ បានបញ្ជាក់ថា ប្រទេសមួយចំនួន អាចកាត់បន្ថយហានិភ័យ និងការប្រឈមនានាបានល្អ ពីផលប៉ះពាល់ នៃគ្រោះមហន្តរាយ រួមទាំងគ្រោះរាំងស្ងួត ដោយសាការចែករំលែកព័ត៌មាន និងចំណេះដឹង។ ឧទាហរណ៍ តាមក្របខណ្ឌនៃគម្រោងយន្តការគ្រោះរាំងស្ងួតក្នុងតំបន់ ប្រទេសជាច្រើនបានកំពង់ផ្តល់នូវទិន្នន័យពីផ្កាយរណប ដល់ប្រទេសដែលងាយទទួលរងគ្រោះរាំងស្ងួត និងបានជួយគាំទ្រប្រទេសទាំងនោះ ក្នុងការប្រើប្រាស់ និងត្រួតពិនិត្យមើលលើភាពរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព។

សកម្មភាពនេះជាគំរូល្អនៃកិច្ចសហប្រតិបត្តិការនៅថ្នាក់តំបន់។លោកស្រីបណ្ឌិត Shamika Sirimanne បានថ្លែងបញ្ជាក់ថា «កម្មវិធីបច្ចេកវិទ្យាអវកាស និងឧតុនិយម មានភាពប្រសើរ ព្រោះថា ព័ត៌មានមានរួចជាស្រេចសម្រាប់ការ ត្រួតពិនិត្យតាមដានបាន ការរៀបចំផែនការ និងការគ្រប់គ្រង ផលវិបាកនៃគ្រោះរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព។ វាជាសំខាន់ណាស់ដែលភាពរីកចំរើនទាំងនេះ ត្រូវបានដាក់បញ្ចូលឲ្យពេញលេញ ទៅក្នុងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការគ្រោះរាំងស្ងួត»។ លោកស្រីបានបន្តទៀតថា សមត្ថភាពរបស់ក្រសួងដែលពាក់ព័ន្ធ ចាំបាច់ត្រូវតែធ្វើការពង្រឹង ដើម្បីឲ្យមានសមត្ថភាពក្នុងការអនុវត្ត ក៏ដូចចាប់យកឱកាសនេះ ។ ដោយហេតុផលនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការស្នើសុំជាប្រទេសមួយដើម្បីធ្វើការសាកល្បង ទៅនឹងការអនុវត្តគម្រោងយន្តការគ្រោះរាំងស្ងួតក្នុងតំបន់ នៅឆ្នាំ ២០១៥ នេះ។

លោក លី ធុជ បានថ្លែងថា​​ «ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើបញ្ហា ពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនេះផងដែរ ព្រោះថាវិស័យកសិកម្មជាកូនសោសំខាន់ ក្នុងការធ្វើឲ្យមានការរីកចម្រើន ដល់សេដ្ឋកិច្ចជាតិ ដូចក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានប្រឹងប្រែង ក្នុងការចុះអន្តរាគមន៍ជួយបូមទឹកជូនដល់ប្រជាកសិករ នៅតាមតំបន់ខ្លះដែលមានការខ្វះខាតទឺកស្រោចស្រព។ តែទោះជាយ៉ាងណា ក៏កម្ពុជានៅតែត្រូវការ ជំនួយបច្ចេកទេស និងកិច្ចសហការណ៏ក្នុងតំបន់ ក្នុងការជួយអោយការគ្រប់គ្រងគ្រោះរាំងស្ងួត មានភាពប្រសើរឡើង និងមានប្រសិទ្ធភាពផងដែរ ។ ដូចនេះយើងសូមស្វាគមន៍ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ បណ្តាប្រទេសជាមិត្តរបស់យើង និងជាពិសេស ESCAP ដែលនឹងជួយគាំទ្រដល់កម្ពុជា ក្នុងការទទួលបាននូវមធ្យោបាយ និងសេវាកម្មទំនើប សម្រាប់ការគ្រប់គ្រងភាពរាំងស្ងួតនៅកម្ពុជា»

យោងតាមសេចក្តីប្រកាសព័ត៌មាននៅក្នុងកិច្ចប្រជុំដែលចែកជូនអ្នកសារព័ត៌មាន បានបង្ហាញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលរងគ្រោះដោយសារគ្រោះរាំងស្ងួត ការកង្វះទឹកស្រោចស្រព និងផ្គត់ផ្គង់ដល់ការដាំដុះ វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ ស្ទើរតែរៀងរាល់ឆ្នាំ ។ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ ការផ្គត់ផ្គង់ស្បៀងអាហារ ការខូចខាតដល់ផលដំណាំ ការថយចុះផលនេសាទ និងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ ២០១៥ កន្លងមកនេះ គ្រោះរាំងស្ងួត បានប៉ះពាល់ដីបង្កបង្កើនស្រូវប្រហែល ២៥០,០០០ ហិចតា (ពីររយហាសិបពាន់ ហិចតា) ហើយបានបំផ្លាញផលដំណាំ ចំនួន ៤០,០០០ ហិចតា (សែសិបពាន់ហិចតា) ។

ទោះបីជាមានផលប៉ះពាល់ទាំងនេះក៏ដោយ ក្នុងរបាយការណ៍គ្រោះមហន្តរាយ តំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្នាំ២០១៥ ដែលបានបោះពុម្ពផ្សាយដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានថ្លែងថា គ្រោះរាំងស្ងួតត្រូវបាន បំភ្លេចចោលយ៉ាងឆាប់រហ័ស នៅក្នុងតំបន់នេះ ដោយសារប៉ុន្មានឆ្នាំចុងក្រោយ មានភ្លៀងធ្លាក់ច្រើន និងត្រូវបានដោះស្រាយជាញឹកញាប់។ រយៈពេលជាងបីទសវត្សរ៍មកនេះ មានការប៉ាន់ប្រមាណថា គ្រោះរាំងស្ងួត បានប៉ះពាល់ដល់មនុស្ស ជាង ១.៣ពាន់លាននាក់ នៅតំបន់អាស៊ីប៉ា ស៊ីហ្វិកនិង បណ្តាលឱ្យខូចខាតច្រើនជាង ៥៣ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ បានគូសបញ្ជាក់ថា តួលេខទាំងនេះ គឺទំនងជាត្រូវបានប៉ាន់ស្មានទៀបពេក ដោយសារស្ថិតិជាញឹកញយ គិតរាប់យកតែប្រភេទនៃគ្រោះរាំងស្ងួតយ៉ាងសាមញ្ញ នៃផ្នែកមួយរបស់ពិភពលោកតែប៉ុណ្ណោះ ដូចជាភ្លៀងធ្លាក់ក្នុងកម្រិតទាប ដែលជាហេតុនាំឲ្យ ផែនដីប្រេះស្ងួត និងសត្វចិញ្ចឹមបានងាប់។ 

តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលនៃបណ្តាប្រទេសដែលទទួលរងការប៉ះពាល់គ្រោះរាំងស្ងួត នឹងអាចមានភាពល្អប្រសើរឡើងជាងមុន ដោយសារការប្រើប្រាស់ទិន្នន័យមូលដ្ឋានអវកាស និង ផលិតផល ដើម្បីត្រួតពិនិត្យគ្រោះរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព និងលើកកំពស់សមត្ថភាព របស់ពួកគេ សម្រាប់ការផ្តល់ព័ត៌មានជាមុនដល់គោលដៅដែលនឹងរងផលប៉ះពាល់។ លើសពីនេះទៀត កម្មវិធីនេះនឹងលើកទឹកចិត្តដល់ការផ្តួចផ្តើមគំនិតជាច្រើន របស់រដ្ឋាភិបាល រាប់បញ្ចូលទាំង កម្មវិធីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ។ ទាក់ទិននឹងចំណុចនេះ គម្រោងយន្តការគ្រោះរាំងស្ងួត នៅក្នុងតំបន់ ក៏មានគោលបំណង ដើម្បីអភិវឌ្ឍភាពជាដៃគូ ឲ្យកាន់តែប្រសើរ ជាមួយស្ថាប័ន និងកម្មវិធីដទៃទៀត ដើម្បីជួយឲ្យមានការចូល ទៅប្រើប្រាស់កម្មវិធីព្យាករណ៍ និងការគ្រប់គ្រងទឹក ឲ្យកាន់តែទូលំទូលាយជាងមុន៕