(ភ្នំពេញ)៖ ក្រោយប្រតិកម្មរបស់សមត្ថកិច្ចខ្លាំងៗ លើករណីតុលាការដោះលែងជនគ្រឿងញៀនដែលពួកគេខំបង្ក្រាប និងចាប់ខ្លួនបានទាំងលំបាក និងប្រឈមគ្រោះថ្នាក់នោះ លោក ប៉ា សុជាតិវង្ស ប្រធានគណៈបញ្ជាការឯក​ភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ​មួយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយលើកឡើងមកពិភាក្សា និងរកគន្លឹះ​ដោះស្រាយ​បង្ក្រាប​បញ្ហាគ្រឿង​ញៀននេះ ឲ្យចំគោលដៅ ពោលគឺស្នើដល់លោកស្នង​ការរាជធានី និងលោកមេបញ្ជា​ការអាវុធហត្ថ ពិសេសគណៈ​បញ្ជាការឯកភាពខណ្ឌ​ទាំង១២ ត្រូវបង្កើន​ការយកចិត្តទុក​ដាក់បង្រ្កាប​ទ្វេរដង ពីព្រោះថា បញ្ហាគ្រឿងញៀន​ជាដើមចមបង្កឲ្យកើតមានបទល្មើសឧក្រិដ្ឋលួច ឆក់ ប្លន់ និងបទល្មើសជាច្រើនផ្សេងទៀត ដោយហេតុថា ជនបង្កបទល្មើសភាគច្រើនដែលកម្លាំងមានសមត្ថកិច្ចចាប់បានគឺជាអ្នក ជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

លោកប៉ា សុជាតិវង្ស បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ ដែលមានការចូលរួមពីលោកឧត្តមសេនីយយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ ព្រមទាំងមន្ត្រីពាក់ព័ន្ឋចំណុះសាលារាជធានីជាច្រើនផងដែរ ។ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «បញ្ហាគ្រឿងញៀននេះ យើងត្រូវតែមានការឯកភាពគ្នា កំណត់គោលដៅ មួយឈានទៅបំបាត់ ឬកាត់បន្ថយ ហើយដើម្បី បំបាត់ពាក្យរិះគន់ដែលគេចោទប្រកាន់ថា យើងចាប់បានតែអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនតូចតាច ប៉ុន្តែអ្នកផលិត និងអ្នកចែកចាយគ្រឿងញៀនកម្រិតធំនៅមិនទាន់ ចាប់មិនបាន»។ ក្រៅពីការស្នើដល់​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្ក្រាបគ្រឿងញៀនទ្វេដងនេះលោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងពីការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះផងដែរដោយថា ការដាក់គោលដៅត្រួតពិនិត្យ បទល្មើសចរាចរណ៍ និងការពិនិត្យជាតិអាកុល ក្នុងរយៈពេលមួយខែកន្លងមកនេះ ពិតជាបានដាស់តឿនដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពួកគាត់មុននៃការបើកបរគាត់​នឹកគិតពីច្បាប់ចរាចរណ៍​ថ្មីនេះរួចហើយ ។

លោកប៉ា សុជាតិវង្ស សង្កត់ធ្ងន់ថា «បើស្រវឹងបើកបរនោះគឺត្រូវតែឃាត់ខ្លួនហើយ តែវានៅពិបាកត្រង់ថា បើចាប់អ្នកស្រវឹងបានច្រើនមានកន្លែងណាសម្រាប់ដាក់ពួកគាត់ ត្រង់នេះហើយ​ដែលយើងត្រូវតែមានកិច្ចសហការឲ្យបានល្អបំផុតជាមួយស្ថាប័នតុលាការ ដើម្បីចាត់ការរឿងនេះឲ្យបានប្រសើរឡើង»។ ទន្ទឹមនឹងនោះដែរបញ្ហាអនុវត្តរឹងបណ្តឹងច្បាប់ចរាចរណ៍ និងបញ្ហា​ការគ្រប់គ្រងអាវុធ ជាតិផ្ទុះ ដែលបច្ចុប្បន្នអ្នកដែលមានអាវុធប្រើប្រាស់មួយចំនួនបានបង្កភាពអនាធិបតេយ្យ បាញ់បោះសេរី បាញ់បង្ករបួសស្នាម និងពេលខ្លះឈានដល់ការបាត់បង់ជីវិតអ្នកដទៃ ។ រីឯ ជនឆ្លៀតឱកាសនិយមមួយចំនួនទៀត បានយកអាវុធទៅបំរើបទល្មើសប្លន់ជាញឹកញាប់ផងដែរ ។  ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីវិធានការមួយចំនួនផងដែរ ថាតើយើងគួរអនុវត្ត​បែបណាដើម្បីកាត់​បន្ថយ​អ្នកបើកបរក្នុងស្ថានភាពស្រវឹងនេះ ដោយយើងត្រូវកំណត់ម៉ោងពេលប៉ុន្មានចំពោះហាងផឹកស៊ី និងម្ចាស់ហាងត្រូវសហការជាមួយអាជ្ញាធរមាន​សមត្ថកិច្ចរបស់យើងក្នុងកម្រិត​ណាមួយពេល​នៅក្នុងហាងរបស់ពួកគាត់មានអ្នកស្រវឹងស្រាខ្លាំងនោះ។ លោកបញ្ជាក់ថា «អ្នកបើកបរក្នុងស្ថានភាពស្រវឹងប្រៀបបាននឹងអ្នកមានអាវុធអញ្ចឹងដែរ ផុយស្រួយនឹងបង្កគ្រោះមហន្តរាយខ្លាំងណាស់ ដែលយើងគ្រប់គ្នាត្រូវគិត»៕