(រតនគិរី)៖ អភិបាលខេត្តរតនគិរីលោក ថង សាវុន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពជុំវិញខេត្ត អញ្ជើញចុះពិនិត្យការជួសជុលថែទាំផ្លូវជាតិ៧៨(C) ប្រវែង២៨,៥២គីឡូម៉ែត្រ តភ្ជាប់ត្រង់ចំណុចរង្វង់មូលស្រុកអូរជុំ ដល់ស្រុកវើនសៃ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សាយ សាមាន បានឲ្យដឹងថា ឆ្នាំកន្លងមកដោយសារមានភ្លៀងជោគជាំខ្លាំង ទើបបណ្តាលឲ្យផ្លូវជាតិ៧៨(C) ដែលជាផ្លូវក្រាលគ្រួសក្រហមនេះ បានទទួលរងការខូចខាតយ៉ាងដំណំជាហេតុពិបាក ក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋទូទៅ។

លោកប្រធានមន្ទីរបន្តថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ថង សាវុន, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលថែទាំផ្លូវនេះ ដោយក្រាលគ្រួសក្រហម ដែលមានប្រវែង២៨,៥២គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរផ្លាស់ប្តូរពាណិជ្ជកម្ម ទៅមករបស់ប្រជាពលរដ្ឋបានងាយស្រួលឡើងវិញ ដោយប្រើប្រាស់ថវិការបស់ក្រសួង ទម្លាក់ជូនមន្ទីរប្រមាណ ២,៥៧០លានរៀល។

លោកប្រធានមន្ទីររូបនេះបន្តថា បច្ចុប្បន្នការជួលជុលថែទាំសម្រេចបានប្រមាណ ៨៦ភាគរយហើយ គ្រោងនឹងបញ្ចប់រួចរាល់នាពេលឆាប់ៗនេះ។

លោក ថង សាវុន បានថ្លែងថា កន្លងមកអាជ្ញាធរខេត្តតែងតែបានយកចិត្តទុកដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាមបណ្តាស្រុក ក្រុងឃុំសង្កាត់ភូមិ ដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាលកៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកាដែលយើងមាន ដើម្បីឆ្លើយតបសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះដែរលោក ថង សាវុន បានកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានអនុវត្តតួនាទីភារកិច្ចបានទាន់ពេលវេលា តាមការណែនាំរបស់អាជ្ញាធរខេត្ត និងជំរុញឱ្យមន្ទីរ សាធារណការ និងដឹកជញ្ជូន រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុកដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងអស់គ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនៅតាមមូលដ្ឋាន ឱ្យប្រើប្រាស់បានយូរអង្វែង។

ក្នុងព្រឹកថ្ងៃដដែលនេះដែរ អភិបាលខេត្តរតនគិរី បានដឹកនាំប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធចុះត្រួតពិនិត្យទឹកទន្លេសេសាន្ត ប៉ុន្តែស្ថានភាពគ្មានអ្វីគួរបារម្មណ៍នោះទេ ពោលគឺគ្មានជំនន់ទឹកភ្លៀងជន់លិចដូចបណ្តារាជធានី-ខេត្តមួយចំនួននោះទេ៕