(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ៨៤១ប័ណ្ណ ដែលបានចែកជូនដោយអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដែលពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បានធ្វើនៅក្នុងបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ អញ្ជើញមកពីឃុំឈើទាល។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងបានជំរុញឲ្យជំនាញសុរិយោដី ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឲ្យអស់ក្នុងរយៈពេលពីរឆ្នាំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចាត់ចែងស្របច្បាប់។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិផងរបងជាមួយគ្នា សូមឲ្យមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីសេចក្តីសុខ របស់កូនចៅយើង ជំនាន់ក្រោយ កុំឲ្យស្គាល់ការលំបាក និងសង្គ្រាមរ៉ាំរ៉ៃ ជាពិសេសអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅពិនិត្យឈ្មោះបោះ ឆ្នោតចំពោះបងប្អូនណាដែលអត់ទាន់ មានឈ្មោះសូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នាដើម្បីមានសិទ្ធិ ក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលដែលយើងពេញចិត្តឲ្យបំម្រើប្រជាពលរដ្ឋ ក្នុងអាណត្តិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តែបើបងប្អូនពុំមានឈ្មោះបោះឆ្នោត គឺមិនអាចមានសិទ្ធិបំពេញកាតព្វកិច្ចបាននោះទេ។

លោក សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងសហគមយើងព្រោះមេរោគកូវិដ១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះត្រូវចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕