(កណ្តាល)៖ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាប តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង និងលោកស្រី ប៉ែន ចន្នី បាននាំគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន១៦១គ្រួសារ ដែលបាននិងកំពុងទទួល រងគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀងស្ថិតនៅភូមិសាម៉រ ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែតុលានេះ។

អំណោយដែលបានផ្តល់ឲ្យទាំង១៦១គ្រួសារនោះ ក្នុង១គ្រួសារៗរួមមាន៖ អង្ករ១បេ (២០Kg), មី១កេស, ត្រីខ ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល និងលោកស្រី បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងទទួលរងគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀងក្នុងឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង។

លោកបានបន្តថា សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលនៅល្ងាចថ្ងៃទី១៥ ខែតុលាម្សិលមិញ សម្តេចតេជោ បានចុះពិនិត្យស្ថានភាព និងសួរសុខប្រជាពលរដ្ឋដោយផ្ទាល់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាទុក្ខលំបាក របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌត»។

លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា អំណោយដែលក្រុមការងារនាំយកមកចែកជូននាពេលនេះ មានតិចតួចក៏ពិតមែន តែអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

លោកបានបញ្ជាក់ផងដែរថា ប្រសិនបើការជន់លិចដោយទឹកជំនន់ទឹកភ្លៀងនេះបន្តឡើងទៀតនោះ បងប្អូនប្រជាពលរដ្ឋនៅទីនេះនឹងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដែលក្រុមការងារចុះ ជួយស្រុក និងថ្នាក់ឃុំបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះទឹកជំនន់។

លោកក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការញ៉ួសញ៉ង់របស់ក្រុមអគតិ ត្រូវថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គីភ័យ ឆក់ខ្សែភ្លើង សត្វអាសិរពឹស និងគ្រោះលង់ទឹកនេះ។

តាមរបាយការណ៍របស់លោក គាំ ដុះ មេឃុំដើមឬស្ស បានឲ្យដឹងថា នៅទូទាំងឃុំដើមឬស្ស មានចំនួន ១៤ភូមិ ត្រូវបានជន់លិចដោយសារទឹកភ្លៀង ក្នុងនោះមាន១០ភូមិ ដែលទទួលរងគ្រោះការ ជន់លិចទាំងដីស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ដោយឡែកភូមិសាម៉រ បានទទួលរងគ្រោះខ្លាំងជាងគេ មានខ្នងផ្ទះចំនួន ១៥១ខ្នង និងផ្ទៃដីស្រែចំនួន២០ហិកតា៕