(កំពង់ចាម)៖ ខណៈមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីនៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ក្នុងឃុំខ្នុរដំបង ឃុំត្រពាំងគ និងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក មាន សម័យ ប្រធានការិយាល័យកសិកម្ម ស្រុកជើងព្រៃ បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលធ្លាក់ក្នុងស្រុកជើងព្រៃ មានចំនួន ២៩៥,៨ ម.ម។ រីឯទំនប់តំបន់ ទឹកហូរច្រោះជិតទ្វាទឹកទី១ និងទ្វាទឹកទី២ ប៉ុន្តែបានទប់ស្កាត់ការហូច្រោះនោះ ដោយខាងមន្ទីធនធានទឹកបានផ្តល់ SK មកកាយទប់កន្លែងដែលហូរច្រោះ។ ក្នុងនោះដែរប្រធានសហគមន៍ បានសម្រេចបើកទ្វាទឹកទី១,២,៣ ចំនួន២ក្តារ ឲ្យទឹកហូរចេញខ្លះ ចៀសវាងការហូរបាក់ទំនប់។

លោក មាន សម័យ បានបញ្ជាក់ថា ចំពោះដំណាំស្រូវនៅឃុំផ្តៅជុំ និងឃុំខ្នុរដំបង មានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានផ្ទៃដីចំនួន ៣០ ហ.ត ស្មើនឹង៥០គ្រួសារ ប៉ុន្តែទោះជាយ៉ាងនោះក្តី ដំណាំស្រូវដុះលូតលាស់ល្អធម្មតា។

ទន្ទឹមនឹងនេះដែរ អភិបាលស្រុកជើងព្រៃលោក អូត ឈាងលី បានឲ្យដឹងផងដែរថា ក្នុងកំឡុងខែមិថុនាកន្លងទៅ ដំណាំស្រូវប្រជាពលរដ្ឋស្កកជាច្រើនហិកតា នៅក្នុងស្រុកជើងព្រៃ។ ប៉ុន្តែដោយសារមានទឹកភ្លៀងធ្លាក់ផ្ទួនៗគ្នានេះ ថ្វីដ្បិតតែមានជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ ដល់ដំណាំស្រូវតិចតួចរបស់ប្រជាពលរដ្ឋ ប៉ុន្តែស្រូវជាច្រើនហិកតា ដែលធ្លាប់អស់សង្ឃឹមនាពេលនោះ បានប្រែក្លាយទៅជាដុះលូតលាស់ ស្រស់បំព្រងឡើងវិញ។

លោកអភិបាលស្រុកជើងព្រៃ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងគឺឡើង ប៉ុន្តែឆាប់ស្រកទៅវិញ៕