(ពោធិ៍សាត់)៖ សម្ដេចព្រះពោធិ៍វ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃកម្ពុជា បានឧបត្ថម្ភថវិកា២,០០០ដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ ជួយដល់ជនរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឲ្យក្នុងភូមិសាស្ត្រ ក្នុងខេត្តពោធិ៍សាត់ បង្កឲ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក។

ក្នុងនោះ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឲ្យបាត់បង់អាយុជីវិត មនុស្ស៣នាក់ផងដែរ៕