(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា មាស ពួយហ្កិច អគ្គនាយិការងក្រុមហ៊ុនផលិតបំពង់ទីបជ័រ KAP ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) និងអង្ករចំនួន ១០តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងស្ថានភាពគ្រោះទឹកជំនន់រហ័សនាពេលបច្ចុប្បន្ននេះ។

ក្នុងស្ថានភាពគ្រោះទឹកជំនន់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់សារអំពាវនាវដល់បងប្អូនជនរួមជាតិ៖

* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
* សូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ
* សូមបន្តការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល ក្នុងការរស់នៅធម្មតាបែបគន្លងថ្មី
* សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺផ្សេងៗទៀត៕