(ភ្នំពេញ)៖ លោកមេធាវី លី ច័ន្ទតុលា មេធាវីមកពីក្រុមហ៊ុនមេធាវីអេសវីភី បានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ ក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលរៀបចំឡើងដោយគណៈមេធាវី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់។

មហាសន្និបាតនេះ បានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ រួមទាំងបេក្ខជន និងសមាជិកគណៈមេធាវីផងដែរ។ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មីនេះ មានបេក្ខជន៥ ក្នុងនោះ៖

១៖ លោកមេធាវី លី ច័ន្ទតុលា មកពីក្រុមហ៊ុនមេធាវីអេសវីភី ទទួលបានសំឡេងគាំទ្រ ១៤៤៤ ស្មើនឹង៧៨.៦៥ភាគរយ
២៖ លោកមេធាវី កែត ឃី ក្រុមមេធាវីពន្លឺយុត្តិធម៌ ទទួលបានសំឡេង១៣០ ស្មើនឹង៧.០៨ភាគរយ
៣៖ លោកមេធាវី សំ សុខគង់ មកពីក្រុមមេធាវី ប៊ីប៊ីស៊ី ទទួលបានសំឡេង៥៦ ស្មើនឹង៣.០៥ភាគរយ
៤៖ លោកមេធាវី សូ សូវាន ទទួលបាន ៤១សម្លេង ស្មើនឹង ២.២៣ភាគរយ
៥៖ លោកមេធាវី សេក សោភ័ណ្ឌ មកពីការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស ទទួលបានសំឡេងគាំទ្រ២៦ ស្មើនឹង១.៤២ភាគរយ

លោក លី ច័ន្ទតុលា ដែលមានបទពិសោធន៍លើការងារច្បាប់ជាយូរមកហើយនោះ បានទទួលសំឡេងគាំទ្រច្រើនជាងគេ ប្រៀបធៀបទៅនឹងបេក្ខជនផ្សេងទៀត។

ខាងក្រោមជាប្រវត្តិខ្លះរបស់លោកមេធាវី លី ច័ន្ទតុលា៖

លោកមេធាវី លី ច័ន្ទតុលា កើតនៅក្នុងឆ្នាំ១៩៧៨ ជាកូនពៅក្នុងគ្រួសារដែលមានជីវភាពមធ្យម មានឪពុកជាអតីតមេឃុំ ម្តាយជាអ្នកចំការ និងមានបងប្អូនប្រុសស្រីបង្កើតសរុបចំនួន១០នាក់។ លោក បានរៀនចប់វិទ្យាល័យច្បារអំពៅនៅក្នុងឆ្នាំ១៩៩៥ និងបានបញ្ចប់បរិញ្ញាប័ត្រច្បាប់ឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅក្នុងឆ្នាំ១៩៩៩។

លោកជានិស្សិតឆ្នើមម្នាក់ នៅចុងឆ្នាំ១៩៩៩ លោក និង មិត្តភ័ក្រ្តបីនាក់ផ្សេងទៀត ដែលក្នុងនោះបច្ចុប្បន្នម្នាក់ជាភរិយារបស់លោក និង ម្នាក់ទៀតជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធិ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលនៃប្រទេសបារាំង ដើម្បីបន្តការសិក្សានៅប្រទេសបារាំង និងបានទទួល បរិញ្ញាប័ត្រច្បាប់ឯកជន នៅសាកលវិទ្យាល័យ LUMIERE LYON 2 នៅក្នុងឆ្នាំ២០០០ ជាមួយនិទ្ទេសល្អ និង បានទទួលសញ្ញាប័ត្រអនុបណ្ឌិតច្បាប់ឯកជនពីសកលវិទ្យាល័យ JEAN MOULIN LYON 3 ក្នុងឆ្នាំ២០០២។

លោក និង មិត្តរបស់លោក ២នាក់បានសម្រេចចិត្ត វិលត្រលប់មកមាតុប្រទេសវិញនៅដើមឆ្នាំ២០០៣។ លោក លីច័ន្ទតុលា ចេះនិយាយភាសាបរទេស ២ភាសាគឺ ភាសាបារាំងនិងអង់គ្លេស និងតាំងពីពេលនោះមក លោកបានធ្វើជាសាស្រ្តាចារ្យច្បាប់តាមសកលវិទ្យាល័យនានា ដូចជាសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សកលវិទ្យាល័យបៀលប្រាយ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី រហូតមកដល់បច្ចុប្បន្ន ដោយការបង្រៀនមានទាំងបង្រៀនជាភាសាជាតិ និងជាភាសាបរទេស។

លោកក៏បានបម្រើការងារជាក្រឡាបញ្ជីនៃសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣។ លោកបានក្លាយជាមេធាវីនៅក្នុងឆ្នាំ២០០៨ និងបានបង្កើតក្រុមហ៊ុនមេធាវី អេស.វី.ភី ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន។

លោកក៏បានទទួលការតែងតាំងពីព្រះមហាក្សត្រជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងឆ្នាំ ២០០៩ និងបន្ទាប់មកត្រូវបានតម្លើងឋានៈជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់មានឋានៈស្មើរដ្ឋមន្ត្រីពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន។

ដោយសារសមត្ថភាពការងាររបស់លោក សីលធម៌ល្អ ទំនាក់ទំនងល្អ របស់លោក លោកក៏បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧ ពីឆ្នាំ២០១២ ដល់ ឆ្នាំ ២០១៥។

ចុងក្រោយនេះ លោកក៏បានទទួលការតែងតាំងពីព្រះមហាក្សត្រជាមេធាវីរាជរដ្ឋាភិបាល នៅខែមីនា ឆ្នាំ២០១៩។

នៅក្នុងរយៈពេលធ្វើការងារពីឆ្នាំ ២០០៣ មកដល់បច្ចុប្បន្ន ជាញឹកញាប់និងជាបន្តបន្ទាប់ លោក លី ច័ន្ទតុលា បានក្លាយជាអ្នករៀបរៀងសេចក្តីព្រាងច្បាប់ អ្នកប្រឹក្សាច្បាប់ និងជាវាគ្មិនកិត្តិយសតាមរយៈវេទិកានានា តាមបណ្តាគម្រោងជាតិ និងអន្តរជាតិធំៗ និងតាមក្រសួងស្ថាប័នផ្សេងៗ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អង្គការអ្នកប្រើប្រាស់អន្តរជាតិ (Consumer International) អង្គការពលកម្មអន្តរជាតិ (ILO), សន្និសីទអង្គការសហប្រជាជាតិស្តីពីជំនួញ និងការអភិវឌ្ឍន៍ (UNCTAD) ។ល។

លោក លី ច័ន្ទតុលា បានរៀបការនៅក្នុងឆ្នាំ ២០០១ និងមានកូនប្រុសស្រីជំទង់៣នាក់។ ភរិយារបស់លោក លី ច័ន្ទតុលា ក៏ជាមេធាវីកំពុងប្រកបវិជ្ជាជីវៈនេះដែរ។
យើងបានសង្កេតឃើញថា លោក លី ច័ន្ទតុលា មិនត្រឹមតែបានធ្វើកិច្ចការនៅគ្រប់ទីកន្លែងនោះទេ លោកក៏បាន ចូលរួមយ៉ាងសកម្មនៅក្នុងការការពារនិងប្រកបវិជ្ជាជីវៈមេធាវី។ ជាញឹកញាប់ យើងតែងតែឃើញលោកមេធាវី លី ច័ន្ទតុលា ពាក់អាវផាវរបស់មេធាវី ឡើងការពារនៅតុលាការដែរ។

ហេតុដូច្នេះ ប្រាកដណាស់ ដែលថា លោកមេធាវី លី ច័ន្ទតុលា បានដឹងយ៉ាងច្បាស់អំពីចំណុចខ្លាំង ចំណុចខ្សោយ ទុក្ខលំបាកនិងបញ្ហាប្រឈមរបស់មេធាវីនានា ដូចដែលគាត់បានលើកឡើង។

តាមការប្រាស្រ័យទាក់ទងជាមួយនឹងមេធាវីផ្សេងៗ ស្តីអំពីលោកមេធាវី លី ច័ន្ទតុលា បានអោយដឹងថា អ្វីដែលពួកគាត់ពេញចិត្តនឹងលោក មេធាវី លី ច័ន្ទតុលា លក្ខណៈពិសេសដាច់គេរបស់លោក ទាំង ការរៀនសូត្រ ទាំងបទពិសោធន៌ការងារ និងមានចំណេះខ្ពង់ខ្ពស់ណាស់នៅក្នុងវិស័យច្បាប់គ្រប់វិស័យ ទាំងការអនុវត្តច្បាប់និងការចូលរួមតាក់តែងច្បាប់។ អ្វីដែលធ្វើអោយអ្នកគាំទ្រពេញចិត្តកាន់តែខ្លាំងនោះគឺ លោកលី ច័ន្ទតុលា ជាបុគ្គលដែលមានសីលធម៌ខ្ពស់នៅក្នុងវិជ្ជាជីវៈ មានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និង គ្រប់ជាន់ថ្នាក់ និង មានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការងាររបស់លោក។

មេធាវីជាច្រើននាក់បានលើកឡើងថា ពួកគាត់ជឿជាក់លើ សមត្ថភាព និង គុណសម្បត្តិផ្សេងៗរបស់ លោកមេធាវី លី ច័ន្ទតុលា និងបន្ថែម ថាលោក មេធាវី លី ច័ន្ទតុលា នឹងដឹកនាំគណៈមេមេធាវីឆ្ពោះទៅរកឧត្តមភាពនិង កិត្យានុភាពនៃវិជ្ជាជីវៈមេធាវីរបស់ពួកគាត់ទាំងអស់គ្នាបាន។

តាមការសម្ភាសន៌ផ្ទាល់រវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោក មេធាវី លី ច័ន្ទតុលា, លោកបានមានប្រសាសន៌ថា «ខ្ញុំនឹងដឹកនាំគណៈមេធាវី ឆ្ពោះទៅរកឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមួយនេះ!!! ដោយសន្យាថា នឹងបន្តនិរន្តរភាពនៃអ្វីដែលកំពុងតែបានធ្វើដោយប្រសើររួចហើយនាពេលបច្ចុប្បន្ន និង អនុវត្តនូវអ្វីដែលជាកិច្ចការចាំបាច់ដោយគោរពតាមគោលការណ៌ដឹកនាំទាំង៨ចំណុចរបស់ខ្ញុំ»។

កាលពីថ្ងៃទី០៤ តុលា ឆ្នាំ២០២០កន្លងទៅនេះ លោកមេធាវី លី ច័ន្ទតុលា បានប្រកាសជាឧឡាឬក អំពីគោលការណ៌ដឹកនាំ៨ចំណុចដូចតទៅ៖

ទី១៖ រឹតបន្តឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមបទពិសោធន៍ (មាត្រា៣២) និងការប្រឡងចូលជាមេធាវី (មាត្រា៣១) ដោយយកគុណភាពនិងសមត្ថភាពជាគោល។
ទី២៖ ពង្រឹងនិងលើកកម្ពស់សមត្ថភាពមេធាវី តាមរយៈការបង្កើនវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការដកស្រង់និងផ្លាស់ប្តូរបទពិសោធន៍ ទស្សនកិច្ចសិក្សា ទាំងក្នុងប្រទេសនិងក្រៅប្រទេស។
ទី៣៖ ពង្រឹងកិច្ចសហការ ការផ្តល់តម្លៃ និងការយោគយល់គ្នាជាមួយស្ថាប័នជាតិនិងអន្តរជាតិ ជាពិសេសជាមួយស្ថាប័ននគរបាលយុត្តិធ៌ម ពន្ធនាគារ និងស្ថាប័នតុលាការ។
ទី៤៖ បង្កើនការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយដែលមេធាវីអាចផ្តល់ឲ្យអតិថិជន។
ទី៥៖ ពង្រីកទំហំការងារដែលមេធាវីអាចផ្តល់ឲ្យអតិថិជន ឲ្យបានកាន់តែច្រើន និងប្រឆាំងនឹងការប្រកួតប្រជែងខុសច្បាប់ពីសំណាក់បុគ្គលដែលមិនមានសិទ្ធិជាមេធាវី។
ទី៦៖ បង្កើតយន្តការផ្តល់តម្លៃនិងកិត្តិយសដល់មេធាវីដែលមានស្នាដៃលេចធ្លោនៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធ៌មនៅក្នុងសង្គម។
ទី៧៖ បន្តអនុវត្តនិងពង្រឹងយន្តការសុខមាលភាពមេធាវីទាំងអស់ ជាពិសេសយន្តការទាក់ទងនឹងមូលនិធិសម្រាប់ជួយមេធាវីដែលមានវ័យចាស់និងមានជម្ងឺធ្ងន់ធ្ងរ។
និងចុងក្រោយ ទី៨៖ បង្កើនអន្តរកម្មរវាងគណៈមេធាវីនិងមេធាវីទាំងអស់ និងការផ្តល់សេវាឲ្យបានកាន់តែប្រសើរជូនដល់មេធាវីទាំងអស់៕