(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ ក៏មានមនុស្សក្មេងចាស់ ស្លាប់ចំនួន៦នាក់ ក្នុងនោះមនុស្សក្មេងចាស់៥នាក់ស្លាប់ ដោយសារលង់ទឹក។ ដោយឡែកម្នាក់ទៀតស្លាប់ដោយឆក់ខ្សែភ្លើង និងសត្វគោ១ក្បាល ស្លាប់ដោយសាររន្ទះបាញ់ នៅខេត្តបន្ទាយមានជ័យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា

*ករណីទី១៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ មានឈ្មោះ ម៉ន វួន ភេទប្រុសអាយុ៤៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានផឹកស្រាស្រវឹងចុះងូតទឹកកំពុងឡើងជន់ បណ្តាលឲ្យលង់ស្លាប់។

*ករណីទី២៖ នៅវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ ក្មេងប្រុសឈ្មោះ ឈៀ មង្គល អាយុ៦ឆ្នាំ នៅភូមិភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី បានលង់ទឹកស្លាប់ ពេលដែលក្មេងរងគ្រោះ ទៅលេងទឹកហូរ។

*ករណីទី៣៖ នៅវេលាម៉ោង១២៖ ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា មាន២នាក់ម្តាយនិងកូន បានលង់ទឹកស្លាប់នៅចំណុចអាងគ្រុឌ។ ដំបូងមានឈ្មោះ សន ស្រីអឿង ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានដើរឆ្លងទឹកហូរ ទៅបេះម្ទេសពេលនោះ ក៏រអិលជើងដួលបណ្តាលទឹកហូរកួច ឃើញដូច្នេះម្តាយឈ្មោះ លីន សាង ភេទស្រី អាយុ៤២ឆ្នាំ បានចុះទៅជួយត្រូវបានលង់ស្លាប់ទាំង២នាក់។

*ករណីទី៤៖ នៅវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី១៥ ខែតុលា មានក្មេងស្រី១នាក់ ឈ្មោះ វិន មេសា អាយុ០១ឆ្នាំ៤ខែ នៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ បានលង់ ទឹកស្លាប់ ពេលបងប្រុសអាយុ១១ឆ្នាំ នាំមកលេងនៅមុខផ្ទះ ។

តាមតួលេខរបស់ស្នងការដ្ឋាន ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ចាប់ពីមានទឹកជំនន់មកទល់ថ្ងៃទី១៥ ខែតុលា បានកើនឡើង១១នាក់ហើយ។

របាយការណ៍បានបង្ហាញទៀតថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ខែតុលា មានភ្លៀងធ្លាក់លាយ ឡំនិងផ្គររន្ទះ ពេលនោះសត្វគោ០១ក្បាល ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងដើរស៊ីខ្មៅ នៅចំណុចភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក។

ដោយឡែកនៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានឈ្មោះ នី ណុយ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានឆក់ចរន្តអគ្គីសនីស្លាប់ ខណៈពេលជនរងគ្រោះ ដើរទៅផ្ទះបាយស្រវាបើកកុងតាក់ភ្លើងប៉ះចំខ្សែភ្លើង ដាច់បណ្តាលឲ្យឆក់ស្លាប់ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ៕