(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី១៥ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានពលរដ្ឋ ១៣០៥៦នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបានបញ្ជាក់ថា៖

* មានពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតថ្មីសរុប ១៣០៥៦នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១១០៧១០នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៧៧៣៩៩នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៦៩៩៧៣នាក់។

បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គ.ជ.ប ថែមទាំងអញ្ជើញប្រជាពលរដ្ឋទាំងអស់៖
* ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង
* ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន។

សូមបញ្ជាក់ថា បើតាមតារាងលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប រយៈពេល ១៥ថ្ងៃនេះ គឺចាប់ពីថ្ងៃទី០១-១៥ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋសរុប ២២៧៩៧៩នាក់៕