(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោក អាណាតូលី បូរូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សី ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងមិត្តភាពនិងទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ (កម្ពុជា-រុស្ស៊ី) ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីតសហភាពសូវៀត ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយគំាទ្រកម្ពុជា តំាងពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិច បានព្យាយាមហ៊ុព័ទ្ធកម្ពុជាឲ្យនៅឯកោ។

សម្តេចពញាចក្រី ហេង សំរិន បានស្វាគមន៍ និងគាំទ្រចំពោះបេសកកម្មការទូតរបស់លោក អាណាតូលី បូរូវីក នៅកម្ពុជា និងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈនេះ បច្ចុប្បន្នដែលពិភពលោកទំាងមូល កំពុងជួបវិបត្តិជម្ងឺកូវីដ១៩ ទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ។

លោក អាណាតូលី បូរូវីក បានសន្យាថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេរភាគី និងពហុភាគី។

លោកបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសរុស្សី កាលពីឆ្នាំ២០១៦ ដែលនាំមកនូវជោគជ័យជាច្រើន ក្នុងការពង្រឹងពង្រីកទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យរឹងមាំឡើង។

លោក អាណាតូលី បូរូវីក បានលើកឡើងថា អ្នកវិនិយោគទុនរុស្សីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុកនៅកម្ពុជា នៅក្នុងវិស័យជាច្រើនមានដូចថាមពលអគ្គិសនីជាដើម។ រុស្សីបានគំាទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ខាងមុខនេះ។

លោក អាណាតូលី បូរូវីក បានចូលរួមចែករំលែកទុក្ខលំបាក និងសម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ លោកបានជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេសរុស្ស៊ីក្នុងការស្រាវជ្រាវ និងផលិតថ្នាំ និងវ៉ាក់សំាងជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន៕