(កំពត)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅខណ្ឌរដ្ឋបាលជលផលកំពត តំណាងសកលវិទ្យាល័យ «កឹងថឺ» ប្រទេសវៀតណាម សហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលជលផល, ខណ្ឌរដ្ឋបាលជលផលកំពត និងខណ្ឌរដ្ឋបាលជលផលកែប បានរៀបចំសាកល្បងជាជំហានដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា នូវចំណីសត្វម្យ៉ាង ឈ្មោះ ARTEMMIA ដើម្បីអភិវឌ្ឍលើវិស័យជលផល ផ្នែកចំណីអាហារ សម្រាប់ពលរដ្ឋខ្មែរយើង។

លោក ង្វៀន វ៉ាន់ហ័រ តំណាងសកលវិទ្យាល័យ «កឹងថឺ» ប្រទេសវៀតណាម បានឲ្យដឹងថា ចំណីសត្វប្រភេទនេះ​ មានប្រភពចេញមកពីសហរដ្ឋេអាមេរិក ហើយបាននាំចូលទៅសាកល្បង និងប្រើប្រាស់ជាចំណីសត្វ ជាពិសេសចំណីសត្វក្នុងទឹកសមុទ្រ និងទឹកសាប ដូចជា ក្តាម បង្កង ត្រីគ្រប់ប្រភេទ មឹកជាដើម ដែលធ្វើឲ្យប្រទេសវៀតណាម មានកំណើនសេដ្ឋកិច្ច លើវិស័យជលផលមួយផ្នែកអស់រយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ។

ដូច្នេះក្រោមជំនួយឧបត្ថម្ភរបស់សហភាពអឺរ៉ុប នៃប្រទេសប៊ែលហ្សីក បានជំរុញឲ្យសកលវិទ្យាល័យ «កឹងថឺ» បន្តសហការជាមួយស្ថាប័នជលផល នៃប្រទេសកម្ពុជា ដើម្បីផ្តល់បទពិសោធន៍ និងធ្វើការពង្រីកនូវលើវិស័យជលផល ពាក់ព័ន្ធនឹងចំណីសត្វ ARTEMIA ក្នុងជីវភាពរស់នៅ របស់ពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនមួយកម្រិតថែមទៀត។

លោក ហ័រ បន្តថា ចំណីសត្វប្រភេទនេះ គេត្រូវចាក់ចេញពីកំប៉ុង ដាក់ក្នុងកន្លែងឧបករណ៍ភ្ញាស់ ប្រើរយៈពេល២៤ម៉ោង សិនឲ្យវាក្លាយជាសត្វរួចវារីកធំធាត់ជាបណ្តើរៗ ទើបយកវាទៅចាក់លែងក្នុងទឹក ដើម្បីឲ្យពពួកមច្ឆាចាប់ជាចំណី។

លោក ហាវ វិសិដ្ឋ អគ្គនាយករង រដ្ឋបាលជលផលបានបញ្ជាក់ថា ថ្ងៃស្អែកក្រោយពីដាក់ភ្ញាស់ហើយ ត្រូវយកវាទៅចាក់លែង ឲ្យសត្វធម្មជាតិវាស៊ី នៅក្នុងស្រែអំបិលទំហំ១ហិកតា របស់លោក ប៊ុន បារាំង ស្ថិតក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងនិងខេត្តកំពត៕