(ស្វាយរៀង)៖ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃមកនេះ នៅក្នុងខេត្តស្វាយរៀង បានបង្កឱ្យមានជំនន់ទឹកភ្លៀង និងបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនក៏ដូចជា ស្រូវស្រែ និងផលដំណាំផ្សេងបានរងផលប៉ះពាល់។

ជាមួយគ្នានេះ ដោយមើលឃើញពីស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ម្សិលមិញ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងសមត្ថកិច្ចទាំង ៣ប្រភេទ ចុះអន្តរាគមន៍ជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមលោក ហែម សារិទ្ធ បានឱ្យដឹងថា នារសៀលថ្ងៃទី១៥ ខែតុលាម្សិលមិញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចរួមទាំង មេឃុំ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង ស្ថិតនៅភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ លើផ្ទៃដីស្រែប្រមាណចំនួន ៨៥អារ។

នៅក្នុងឧកាសនោះលោក ហែម សារិទ្ធ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំ ចិញ្ចឹមសត្វឡើងវិញ និងត្រូវថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ នៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវអប់រំមើលក្មេងតូចៗ កុំឱ្យលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ជាយថាហេតុផងដែរ៕