(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានប្រកាសលទ្ធផល នៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្ត និងសាមគ្គីគ្នា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំរបៀបវារៈមនុស្សធម៌ នាទស្សវត្សរ៍បន្ទាប់។

លើសពីនោះ ដើម្បីឲ្យភូមិភាគអាស៊ីអាគ្នេយ៍ ប្រកបដោយភាពរីកចម្រើនភាពចម្រុះកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទាន់ពេលវេលា ក្នុងការបម្រើសហគមន៍ងាយរងគ្រោះ ដែល រង ផល ប៉ះពាល់ខ្លាំងជាងគេ នៃការបម្រែបម្រួលអាកាសធាតុរួមទាំងបញ្ហាជាក់ស្តែងជាដើម បានដាក់ចេញនូវការងារចម្បងចំនួន៤ សំខាន់ៗ រួមមាន៖

ទី១៖ ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ បានឯកភាពគ្នាទៅលើការងារឆ្លើយតប និងយកជ័យជម្នះទៅលើបញ្ហាគំរាមគំហែង និងប្រឈមនានា ដែលបណ្តាកពីជំងឺកូវីដ ដោយលើកយកចំនុចឯកភាពរួមគ្នាចំនួន៧ចំណុចសំខាន់ៗ ដើម្បីសាមគ្គីគ្នា ពង្រឹងការងារកិច្ចសហការគ្នា និងហិរញ្ញិវត្ថុផងដែរ។

ទី២៖ ការត្រួតពិនិត្យទៅលើផែនការសកម្មភាពចំនួន ២១ចំនុច និងទិសដៅការងារ ចំនួន១៣ចំនុច ដែលបានឯកភាពកាលពីឆ្នាំ២០១៩កន្លងទៅ។ ក្នុងនោះ
កម្ពុជា បាននឹងកំពុងអនុវត្ដជាបន្ដបន្ទាប់មក ឈានទៅដល់គោលដៅដែលបានកំណត់ និងដាក់ទិសដៅបន្ដក្នុងឆ្នាំ២០២១ខាងមុខនេះ។

ទី៣៖ ពង្រឹងការងារជាបណ្ដាញមួយគ្នា ក្នុងការជួយគាំទ្រ និងឆ្លើយតបរហ័សទៅនឹងបញ្ហាប្រឈមសុខភាព និងសុវត្ថិភាពផ្សេងៗពីជំងឺឆ្លង។

លើការងារជាបណ្តាញនេះ និងពង្រឹងបណ្ដាញយុវជន នៅក្នុងអាស៊ីអាគ្នេយ៍ឲ្យក្លាយជាអ្នកដឹកនាំដ៏រឹងមាំ ដើរទាន់សម័យកាលឌីជីថល បណ្ដាញរកមូលនិធិ បណ្ដាញស្ដីពីភាពសុំារបស់សហគមន៍ និងសុវត្ថិភាពរបស់សហគមន៍ បណ្ដាញស្ដីពីការគាំទ្រ លើកកម្ពស់យេនឌ័រ និងបណ្ដាញការងារចំណាកស្រុក និងបណ្ដាញការងារអេសដ៍ក្នុងអាស៊ីប៉ាស៊ីហ្វិច ដែលកាកបាទក្រហមកម្ពុជា ជាប្រធានបណ្ដាញការងារនេះផ្ទាល់។

ទី៤៖ ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំលើកទី១៨ ឲ្យបានមុនខែតុលា ឆ្នាំ២០២១ ដែលប្រទេសថៃ ធ្វើជាជាម្ចាស់ផ្ទះ។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូនេះ បានប្រព្រឹត្ដចំនួនពីរថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២០ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ដោយអញ្ជើញចូលរួមពី លោកស្រី Nguyen Thi Xuan Thu ប្រធានកាកបាទក្រហមវៀតណាម, លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃសមាគមជាតិប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍។

សម្រាប់កម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចំនួន ៩រូប ចូលរួមកិច្ចប្រជុំ ក្នុងឱកាសនោះលោកស្រីក៏លើកឡើងពី ភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ ដោយមិនមានករណីស្លាប់ និងគ្មានការឆ្លងរាលចូលក្នុងសហគមន៍នេះ ដោយសារកម្ពុជាមានថ្នាក់ដឹកនាំ ដែលមានយុទ្ធសាស្ត្រ និងយន្តការច្បាស់លាស់ ក្នុងការដាក់ចេញវិធានការទប់ស្កាត់ទាន់ពេលវេលា៕