(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ប្រទេសថៃបានជូនដំណឹងមកកម្ពុជា ពីការដែលខ្លួនអាចបើកទឹកទម្លាក់មកកម្ពុជា ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការវិវត្តអ្វីទេ។

ថ្លែងក្នុងឱកាសចុះទៅកាន់តំបន់ដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចបានបន្តថា បើថៃបើកទឹកទម្លាក់មកកម្ពុជាមែន ខេត្តបន្ទាយមានជ័យ នឹងរងគ្រោះខ្លាំងជាងគេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ប្រទេសថៃបានជូនដំណឹងមកថា អាចនឹងមានការបើកទម្លាក់ទឹកមក ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការទម្លាក់មកទេ។ ប្រសិនបើប្រទេសថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យអាចនឹងទទួលរងបន្ថែម»

សម្រាប់ភូមិសាស្ត្រខណ្ឌដង្កោនេះ មិនមែនទើបតែមានគ្រោះជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះដែរ។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺតំបន់នេះធ្លាប់មានគ្រោះទឹកជំនន់ ៤លើករួចមកហើយ។ ក្នុងនោះ លើកទី១ នៅឆ្នាំ១៩៩១, លើកទី២ នៅឆ្នាំ១៩៩៨, លើកទី៣ នៅឆ្នាំ២០០០, និងលើកទី៤ នៅឆ្នាំ២០០១។ សម្តេចបន្ថែមថា សម្រាប់គ្រោះជំនន់ទឹកភ្លៀង ឆ្នាំ២០២០ក្នុងតំបន់នេះ សំណាងជាងលើកមុនទាំងអស់ ដោយសារកម្រិតទឹកនៅទន្លេងសំខាន់ៗទាបជាង ធ្វើឲ្យទឹកជំនន់មិនចាល់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឆ្នាំនេះ សំណាងជាងឆ្នាំ២០០០។ ឆ្នាំ២០០០ ទឹកចាល់ចេញអត់រួច ដោយសារពេលនោះទឹកនៅតាមទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ គឺវាមានកម្ពស់ទឹកខ្ពស់ ប៉ុន្តែឆ្នាំនេះទឹកនៅតាមទន្លេបាសាក់ តាមទន្លេសាប មានកម្រិតទាប ដែលធ្វើឲ្យទឹកហូរចុះទៅបានយ៉ាងលឿន»

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី, គ្រោះមហន្តរាយទឹកជំនន់នេះ នៅប្រទេសណាក៏ជួបប្រទះដែរ។ សម្តេចលើកឡើងថា សម្រាប់ប្រទេសវៀតណាម មកដល់ពេលនេះមានមនុស្សស្លាប់រាប់សិបនាក់ និងមានអ្នកបាត់ខ្លួនយ៉ាងច្រើន។ ក្នុងន័យនេះ សម្តេចបានប្រតិកម្មចំពោះអ្នកលើកឡើង ដោយអកុសលថា ជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌដង្កោ បណ្តាលមកពីបញ្ហាលុបបឹង។

សម្តេចពន្យល់ថា «ដែលហៅថាជំនន់! ខ្លះលើកឡើងអំពីបញ្ហាលុបបឹង បានជាវាមានជំនន់ ប៉ុន្តែខ្ញុំចង់សួរត្រឡប់ទៅអាអ្នកដែលនិយាយនោះ។ នៅប្រទេសជប៉ុន ឆ្នាំទៅនេះ ជំនន់ទឹកភ្លៀងសម្លាប់ប្រជាជនជប៉ុនអស់យ៉ាងច្រើន។ នៅប្រទេសអឺរ៉ុប ទីក្រុងធំៗមួយចំនួន ជំនន់ទឹកភ្លៀងក៏បានលិចលង់ ហើយឥឡូវតាមព្រែកត្នោតរបស់យើងនេះ ពីខាងលើមក តើនរណាលុបបឹង»?

ថ្លែងបណ្តើររៀបរាប់បណ្តើរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា «ព្រែក, ស្ទឹងពោធិ៍សាត់, ស្ទឹងមង្គលបុរី, ស្ទឹងសង្កែ! អានុងវាសុទ្ធតែស្ទឹង ប៉ុន្តែដោយសារតែទឹកពីលើហ្នឹងខ្លាំងជ្រុលហួស វាហួសពីសមត្ថភាពស្រូប មិនមែនគ្រាន់តែហួសពីសមត្ថភាពស្រួប នៃលូដែលយើងបានធ្វើ ឬប្រឡាយដែលយើងបានធ្វើទេ។ សូម្បីតែទន្លេមេគង្គដែលវាជន់លិច ក៏សមត្ថភាពនៃទន្លេនេះមិនអាចនឹងទទួលអស់ ជាមួយនឹងទឹកដែលវាធ្លាក់ពីខាងលើច្រើនហួស ដូច្នេះហើយបានគេហៅថាជំនន់នោះ»