(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ បានអះអាងថា មូលហេតុដែលសម្ដេចមិនព្រមចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលត្រូវជម្លៀសដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅពេលថ្ងៃ ព្រោះសម្ដេចចង់ឃើញច្បាស់នូវអ្វីដែលការលំបាករបស់ប្រជាពលរដ្ឋនៅពេលរាត្រី។

ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ គ្រាដែលសម្ដេចចុះពិនិត្យស្ថានភាពដោយផ្ទាល់របស់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយជម្លៀសចេញពីភូមិឋានមកទីទួលសុវត្ថិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមិនចង់មកពេលថ្ងៃទេ ព្រោះពេលថ្ងៃយើងឃើញហាក់ដូចជាធម្មតា ប៉ុន្ដែខ្ញុំចង់មកជួបប្រជាពលរដ្ឋនៅពេលយប់ ព្រោះខ្ញុំធ្លាប់ប្រជាពលរដ្ឋរងគ្រោះនៅពេលថ្ងៃហើយ តែខ្ញុំចង់ជួបប្រជាពលរដ្ឋរងគ្រោះនៅពេលយប់ម្ដង ដើម្បីពិនិត្យមើលអំពីស្ថានភាពជាក់ស្ដែង នៃការស្នាក់អាស្រ័យរបស់បងប្អូន»

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ការចុះពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋនេះទៀតសោត ក៏ព្រោះចង់ឃើញស្ថានភាពជាក់ស្ដែង មិនចង់ត្រឹមស្ដាប់ និងមើលរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរាយការណ៍ជាបន្ដបន្ទាប់គ្រប់ពេលនោះទេ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំរូបនេះ បានសង្កត់ធ្ងន់ថា ពេលវេលាដ៏លំបាករបស់ប្រជាពលរដ្ឋ អ្នកដែលលំបាកជាងនោះទៀត គឺសម្ដេចដែលជានាយករដ្ឋមន្ដ្រី ដែលត្រូវគិតគ្រប់វិនាទី។ សម្ដេចលើកឧទារហណ៍ថា ត្រឹមគ្រួសារមួយអ្នកគ្រប់គ្រងលំបាកទៅហើយ ចុះទម្រាំសម្ដេចដែលជាអ្នកគ្រប់គ្រងប្រទេស មានប្រជាជនជាង១៦លាននាក់ លំបាកកម្រិតណា។

ជាមួយស្ថានភាពលំបាក ក្រោយជម្លៀសមកទីទួលសុវត្ថិភាពដោយទឹកជំនន់នេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មិនត្រូវបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់បាយ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ ពោលត្រូវប្រើគ្រប់កម្លាំងទាំងអស់ ដើម្បីជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះមកកាន់កន្លែងមានសុវត្ថិភាព។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៀតថា បន្ទាប់ពីជម្លៀសប្រជាជនមកកាន់កន្លែងមានសុវត្ថិភាពហើយ ត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យគ្រប់ពេលទាំងអស់ មិនឲ្យខ្វះខាតនោះឡើយ។

គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព។ វត្តមានរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋនៅពេលនេះ គឺបង្ហាញពីការទទួលខុសត្រូវខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស៕