(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន អញ្ជើញ ចុះទៅ កាន់ តំបន់ ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងបន្ទាយមានជ័យ បន្ដយកចិត្តទុកដាក់ទៅលើកិច្ចការតាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹកដែលហូរចូល

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អាទិភាពរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺរំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ

* សម្ដេចតេជោនាយករដ្ឋមន្ដ្រី៖ យើងត្រូវត្រៀមបម្រុងគ្រប់ខេត្តទាំងអស់ ដើម្បីរំដោះប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ខណៈប៉ុន្មានថ្ងៃទៀតនឹងជួបព្យុះ

* សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិនត្រូវមើលងាយស្ថានការណ៍ពាក់ព័ន្ធស្ថានភាពទឹកជំនន់នេះឡើយ

* សម្ដេចតេជោ នាយករដ្ឋមន្ដ្រី កោតសរសើរកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសង្គ្រោះប្រជាពលរដ្ឋ

* សម្ដេចតេជោ ហ៊ុន សែន បន្ដសំណូមពរ និងអំពាវនាវដល់សមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញតំបន់រងគ្រោះទៅ កន្លែងមានសុវត្ថិភាព

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលទឹកស្រកទៅវិញ ត្រូវដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់មូលដ្ឋានវិញទាំងអស់

* សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រុមពេទ្យ ត្រូវតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ

* សម្ដេចនាយករដ្ឋមន្ដ្រី អំពាវនាវដល់ប្រជាពលរដ្ឋកុំហូបទឹកដែលមិនស្អាត ពោលត្រូវហូបទឹកស្អាតជានិច្ច ខណៈសម្ដេចកំពុងឲ្យគេដឹកជញ្ជូនទឹកជាការឧបត្ថម្ភរបស់សម្ដេចដើម្បីចែកជូនប្រជាពលរដ្ឋ

* សម្ដេចតេជោ ហ៊ុន សែន អរគុណអ្នកឧកញ៉ា ហុង ពីវ ដែលបានផ្ដល់ទីតាំងស្នាក់អាស្រ័យបណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសពីតំបន់ទឹកជំនន់

* សម្ដេចតេជោនាយករដ្ឋមន្ដ្រី ណែនាំសមត្ថកិច្ចនគរបាល អាវុធហត្ថ ប្រជាការពារ ត្រូវយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព

* នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ រហូតមកដល់ពេលនេះ បានដល់ជាង៦លានដុល្លារអាមេរិក

* សម្ដេចតេជោ ហ៊ុន សែន ភ្ញាក់នៅពេលបើកទូរស័ព្ទឡើង ឃើញសប្បុរសជនជាច្រើន ផ្ញើសារមកដើម្បីចូលរួមឧបត្ថម្ភថវិកាជូនជនរងគ្រោះដោយទឹកជំនន់

* សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកាបន្ថែមដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ បើទោះបីខេត្តនេះមានថវិកាគ្រប់ក៏ដោយ

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថៃបានជូនដំណឹងមកកម្ពុជា ពីការបើកទឹកទម្លាក់មក ប៉ុន្ដែពេលនេះមិនទាន់មានអ្វីវិវត្តន៍ថ្មីទេ, សម្ដេចថា ប្រសិនបើថៃបើកទឹក ខេត្តបន្ទាយមានជ័យ នឹងរងគ្រោះខ្លាំង

* សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចប្រយុទ្ធជាមួយជំនន់ស្ទឹងព្រែកត្នោតនេះ តាំងពីឆ្នាំ១៩៩១ ឆ្នាំ១៩៩៨មកម្ល៉េះ

* សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កាលពីឆ្នាំ១៩៩១ សម្ដេចធ្លាប់ជិះម៉ូតូដើម្បីពិនិត្យស្ថានភាព ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ស្ទឺងព្រែកត្នោតនេះ។

* សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្លែងថា ឆ្នាំនេះមានភ័ព្វសំណាងជាងឆ្នាំ២០០០ ដោយសារឆ្នាំនោះទឹកចាល់ចេញមិនរួច ព្រោះទឹកទន្លេសាប ទន្លេបាសាក់មានកម្ពស់ទឹកខ្ពស់

* សម្ដេចតេជោបានថ្លែងថា ទឹកជំនន់នេះ គឺដោយទឹកភ្លៀងខ្លាំង និងជន់មកពីតំបន់ខាងលើខ្លាំង ទើបបង្កជាទឹកជំនន់, សម្ដេចថា មានតែទឹកសមុទ្រប៉ុណ្ណោះ ដែលគ្មានទឹកជំនន់

* រឿងអ្នកនិយាយថាលុបបឹង ទើបមានទឹកជំនន់ សម្ដេចមិនចង់ឆ្លើយតបជាមួយអ្នកណាទាំងអស់ ប៉ុន្ដែសម្ដេចចង់ពន្យល់ប្រជាពលរដ្ឋ ឲ្យបានយល់ច្បាស់អំពីបញ្ហាទឹកជំនន់

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេងៗ

* សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការបង្ហាញវត្តរបស់សម្ដេចនៅពេលនេះ គឺចង់ឃើញច្បាស់អំពីស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយមិនអស់ចិត្តត្រឹមតែឃើញសេចក្ដីរាយការណ៍

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថានឹងបន្ដដំណើរពិនិត្យស្ថានភាពប្រជាពលរដ្ឋ នៅម្ដុំព្រែកជ្រៃ ខណ្ឌដង្កោ

* សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់លង់ទឹកស្លាប់ ឬរងគ្រោះថ្នាក់ផ្សេងៗ ដោយសារទឹកជំនន់

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មិនចង់មកឃើញស្ថានភាពប្រជាពលរដ្ឋពេលថ្ងៃទេ ព្រោះសម្ដេចធ្លាប់ឃើញហើយ ប៉ុន្ដែពេលនេះសម្ដេចចង់ឃើញស្ថានភាពលំបាកនៅពេលយប់

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវគិតអំពីគម្លាតសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩

* សម្ដេចតេជោ នាយករដ្ឋមន្ដ្រីថ្លែងថា ថវិកាទើបប្រើអស់៨០ម៉ឺនដុល្លារប៉ុណ្ណោះ ដែលបានមកពីការឧបត្ថម្ភរបស់សប្បុរសជន

* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលទឹកស្រក នឹងយកថវិកាដែលនៅសល់ដើម្បីឧបត្ថម្ភជូនគ្រួសាររងគ្រោះ

* សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ណែនាំអភិបាលរាជធានីភ្នំពេញ រៀបចំបង្កន់ចល័តដើម្បីសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ នៅពេលជម្លៀសដោយទឹកជំនន់

* សម្ដេចតេជោ បញ្ជាក់ថា តាមរយៈផ្សាយរបស់ទូរទស្សន៍ Fresh News និងទូរទស្សន៍ផ្សេង ប្រជាពលរដ្ឋនៅក្រៅប្រទេស នឹងបានមើលឃើញនូវអ្វីដែលសម្ដេចបានមានប្រសាសន៍

* សម្ដេចតេជោ ហ៊ុន សែន បង្ហាញជំនឿថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ នឹងជម្នះបញ្ហាទឹកជំនន់នេះបានទាំងអស់គ្នា

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ហើយបន្ដចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជម្លៀសមកទីទួលសុវត្ថិភាព៕