(ភំ្នពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហន សុខេមរិន្ទ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ជនជាតិចិនត៉ៃវ៉ាន់៤នាក់ ដែលនាំគ្រឿងញៀនពីឡាវឆ្លងកាត់កម្ពុជា ទៅកោះតៃវ៉ាន់ ជាង៣តោន តម្លៃជាង៣០លានដុល្លារ បន្ទាប់ពីធ្វើការសាកសួរតែនីតិវិធីរួចមក។ នេះបើតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ឲ្យអង្គភាពព័ត៌មាន Fresh News។

លោក គុជ គឹមឡុង បានបញ្ជាក់ថា ជនជាតិចិនត៉ៃវ៉ាន់ទាំង៤នាក់ ត្រូវបានសម្រេចឃុំខ្លួននៅពន្ធនាគារ ម.១។

ជនជាតិចិនត៉ៃវ៉ាន់ទាំង៤នាក់ ត្រូវបានលោក សិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទល្មើស «រក្សា ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានប្រមូលវត្ថុតាងកសាងសំណុំរឿង និងជនសង្ស័យ៤នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀនទម្ងន់ ២១០៦គីឡូក្រាម និង២១៥,៨៩ក្រាម ព្រមទាំងសារធាតុគីមីផ្សំ ៦០០គីឡូក្រាម ដែលមានតម្លៃជាង៣០លានដុល្លារអាមេរិក។

ការបញ្ជូនសំណុំរឿងនេះ បន្ទាប់ពីបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែឆ្នៃគ្រឿងញៀនខុសច្បាប់ ពីប្រទេសឡាវ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកោះតៃវ៉ាន់ប្រទេសចិន ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដោយបង្ក្រាបបាននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តន៍តាមបទបញ្ជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំផ្ទាល់ពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន។ កិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ នាយកដ្ឋានស៉ើបការណ៍ខាងក្រៅ និងបច្ចេកទេស ព្រមទាំងមានការសម្របសម្រួលដឹកនាំពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ។។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) រួមមាន៖

១៖ ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិតៃវ៉ាន់ លេខ 05196333 (អ្នកបញ្ជាការដឹកជញ្ជូន)

២៖ ឈ្មោះ ចាង ឈិជឺ (Zhan Qi Zhi) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 313641977 (អ្នកដឹកជញ្ជូន)

៣៖ ឈ្មោះ យ៉ូវ យ៉ាវជុង (YU Yao Tsung) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 352875960 (អ្នកដឹកជញ្ជូន)

៤៖ ឈ្មោះ ឈិន ប៉ាវជីន (Chen Pao Jiun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ លិខិតឆ្លងដែនគ្មាន (អ្នកដឹកជញ្ជូន)

ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ វូ ឈីសុន (WU Chi Hsun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 303650596 បានកាន់គ្រឿងញៀន លួចសំរូតតាមបង្កាន់ដៃអាគារ ហើយធ្លាក់បណ្ដាលឲ្យស្លាប់។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់យកបានវត្ថុតាង រួមមាន៖

* គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់ ១៨៩គីឡូក្រាម និង ៥៨០ក្រាម
* រថយន្ត ២គ្រឿង និងទូរស័ព្ទដៃ ១០គ្រឿង។

មុនបង្ក្រាបបានករណីដ៏ធំនេះ ដោយជោគជ័យនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានបញ្ជាក់ថា តាមរយៈការពន្លាតករណីនេះ បានស្រាវជ្រាវរកឃើញ ករណីរក្សាទុក និងប៉ុនប៉ង ផលិតកែច្នៃគ្រឿងញៀន ដែលពាក់ព័ន្ធករណី ធ្លាប់បានបង្ក្រាបរួច កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។ កាលនោះ លទ្ធផលឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់។

វត្ថុតាងចាប់យករួមមាន៖

* គ្រឿងញៀនប្រភេទកាទីណូន (Methcathinone) ចំនួន ៧៦បាវ ស្មើទម្ងន់ ១៩០០គីឡូក្រាម
* គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩,៩៤ក្រាម
* គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ២,៣៦ក្រាម
* គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី អឹមឌីម៉ា (MDMA) ទម្ងន់ ២៦៧៥,៦០ក្រាម
* គ្រឿងញៀនកេតាមីន (Ketamine) ទម្ងន់ ៦២០,៩៩ក្រាម
* គ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ទម្ងន់ ១៣២៧៥ ក្រាម
* សារធាតុគីមីប្រភេទ ភីអឹមខេ (អឹមឌីភីធូភី) មេទីលគ្លីស៊ីដេត PMK(MDP2P) Methyl Glycidate ចំនួន២៤បាវ ស្មើទម្ងន់ ៦០០ គីឡូក្រាម (តារាង៤)
* សារធាតុផ្សំ អេតាណុល ៣៧កាដុង ស្មើទម្ងន់ ៧០៣ គីឡូក្រាម
* សារធាតុផ្សំ ០៤កញ្ចប់ ទម្ងន់១០គីឡូក្រាម (មិនច្បាស់លាស់)
* សារធាតុផ្សំ កាហ្វេអ៊ី ទម្ងន់ ១០០៣,៩៤ក្រាម
* សារធាតុផ្សំ DEXTROSE ទម្ងន់២៤៤,៧៦ក្រាម
* ម៉ាស៊ីនផលិតកែច្នៃ ០១ឈុត។

ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ និងសហការជាមួយសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជាមេក្លោង៕