(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ២១៦គ្រួសារ ដែលត្រូវបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានទទួលអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានការអញ្ជើញចូលរួមពីលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យខេត្ត បានយកទៅចែកជូនផ្ទាល់តែម្តង។

ថ្លែងនៅក្នុងឱកាសនោះ លោកស្រី ហួន ច័ន្ទបូរ៉ា និងលោកអភិបាលខេត្ត បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះផលប៉ះពាល់ លិចលង់ផ្ទះសំបែង ដំណាំផ្សេងៗ ធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ ហើយជីវភាពជួបនូវការលំបាកគ្រប់បែបយ៉ាង។

លោក អ៊ំ រាត្រី បានកោតសរសើរអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងជួយជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព បានទាន់ពេលវេលា ដោយគ្មានប្រជាពលរដ្ឌណារងគ្រោះនោះឡើយ។

ជាចុងក្រោយ លោក អ៊ុ រាត្រី និងលោកស្រី ហួន ច័ន្ទបូរ៉ា សូមផ្តាំផ្ញើដល់បងប្អូន កូនក្មួយ សូមរក្សាអនាម័យល្អ ដើម្បីបង្ការជម្ងឺឆ្លងផ្សេងៗ និងសូមប្រុងប្រយ័ត្នចំពោះកុមារតូចៗក្រែងមានការលិចលង់ និងពពួកសត្វអសិរពិស។ អំណោយដែលយកមកចែកជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ៣០ គីឡូក្រាម មី១កេស ត្រីខ១យួរ១០កំប៉ុង និងទឹកស៊ីវអ៊ីវ១យួរ៦ដប៕