(ភ្នំពេញ)៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមរំលែែកទុក្ខចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបាត់បង់ជីវិត និងជួបការលំបាក ក្នុងគ្រោះដោយសារទឹកជំនន់ នាពេលនេះ។

ក្នុងឱកាសដែល ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើការប្រារព្ធខួបលើកទី ៧០ លើកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តច្បាប់ជាមួយកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក W. Patrick Murphy បានថ្លែងយ៉ាងដូច្នេះថា «យើងសូមសម្តែងនូវមរណទុក្ខ ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបាត់បង់ជីវិត ក្នុងគ្រោះដោយសារទឹកជំនន់។ យើងមានការអាណិតអាសូរ ចំពោះអ្នកបាត់បង់ផ្ទះ និងបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយមួយនេះ»

លោក W. Patrick Murphy ក៏បានលើកឡើងផងដែរថា ឆ្នាំនេះលោកបានធ្វើការជាទូតអាមេរិក អស់រយៈពេលមួយឆ្នាំមកហើយ។ លោកសង្កេតឃើញថា ជាឆ្នាំដ៏អស្ចារ្យដែលស្ថានទូតអាមេរិកនៅកម្ពុជា បានធ្វើការយ៉ាងខ្លាំង លើចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានី-ខេត្ត ចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនសរុបជិត២០ម៉ឺននាក់ ក្នុងនោះ ស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់)។

ខេត្តដែលប៉ះពាល់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម។

ក្នុងរបាយការណ៍ បានឲ្យដឹងទៀតថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ធ្វើឲ្យខូចខាតរួមមាន៖

* ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់
* ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់
* ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់)
* ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង
* ផ្ទះខូចខាត ៥០ខ្នង
* សាលារៀនលិចទឹក ៤២៥កន្លែង
* ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា
* ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,៣០១ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីឡូម៉ែត្រ និង៣១ខ្សែ
* ស្ពានលិចទឹកប្រមាណ ២៤កន្លែង
* ទំនប់ប៉ះពាល់ប្រមាណ ២១.៦គីឡូម៉ែត្រ
* ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ៣៥២.៤ គីឡូម៉ែត្រ៕