(ពោធិ៍សាត់)៖ ស្ថិតក្នុងស្ថានភាព នៃគ្រោះទឹកជំនន់ ដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងសត្វពាហនៈរបស់ប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនាមក្រសួងទទួលខុសត្រូវ លើសន្តិសុខស្បៀង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពី គ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ចុះពិនិត្យឃើញទិដ្ឋភាព នៃគ្រោះមហន្តរាយលើដំណាំស្រូវ នៅភូមិពោធិវង្ស ឃុំពោធិវង្ស ស្រុកកណ្តៀង លោករដ្ឋមន្ត្រី វេង សាខុន ចំពោះមុខបានបញ្ជាឲ្យលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បញ្ចេញស្រូវពូជចំនួន២៩តោន ជាបន្ទាន់យកមកដោះស្រាយបឋម ជូនប្រជាកសិករ។

អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចុះមកតាមដានស្ថានភាពគ្រោះទឹកជំនន់នេះ ឲ្យបានជាប់ជាប្រចាំ រួចវាយតម្លៃផលប៉ះពាល់ ជារួមទូទាំងតំបន់ដែលទទួលរងគ្រោះនេះ បន្ទាប់មកត្រូវដាក់សំណើស្រូវពូជ ជូនមកក្រសួងដើម្បីធ្វើការពិនិត្យដោះស្រាយ តាមការចាំបាច់។ តាមការប៉ាន់ប្រមាណបឋម របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថាខេត្តពោធិ៍សាត់ អាចត្រូវការស្រូវពូជប្រហែល៦០០តោន។

លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង២៤រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ៤០២ សណន កសក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្តីអំពី «ការចូលរួមសហការ គ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញ នៃផលិតកម្មកសិកម្ម»

យោងលើរបាយការណ៍របស់មន្ទីរបានបង្ហាញថា បច្ចុប្បន្នខេត្តពោធិ៍សាត់ កំពុងទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ផលដំណាំ និងសត្វពាហនៈ របស់ប្រជាកសិករ ក្នុងស្រុក/ក្រុងចំនួន៦ គឺស្រុកកណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តាលោមានជ័យ និងក្រុងពោធិ៍សាត់។ ផ្ទៃដីដំណាំស្រូវអនុវត្តបាន១៤៥ ៣៤២ហិកតា ក្នុងនោះផ្ទៃដីចំនួន ២៦,៩៥០ហិកតា ត្រូវបានទទួលរងនូវផលប៉ះពាល់ ហើយផ្ទៃដីចំនួន ៦,១៤៣ហិកតា ត្រូវបានខូចខាតទាំងស្រុង។

ដោយឡែកដំណាំរួមផ្សំ ឈើហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់ចំនួន ១០,០៨២ហិកតា និងផ្ទៃដីខូចខាតទាំងស្រុងមាន ចំនួន២,៤៩៤ហិកតា។

ចេញពីខេត្តពោធិសាត់ លោករដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរមកកាន់ខេត្តបាត់ដំបង ស្រុកមោងឫស្សី ឃុំព្រៃស្វាយ ភូមិចាមរអា។

ពិនិត្យជារួម ស្ថានភាពនៃគ្រោះទឹកជំនន់នៅទីនេះមិនខុស ពីខេត្តពោធិ៍សាត់ទេ គ្រាន់តែវិសាលភាពនៃទំហំផ្ទៃដីប៉ះពាល់បានគ្របដណ្តប់ដល់ទៅ ១៤ក្រុង-ស្រុក និងប៉ះពាល់ដល់ដំណាំស្រូវរហូតដល់ទៅ ៨២,៤៧៦ហិកតា អាចមានផ្ទៃដីខូចខាត មិនទាន់បានបូកសរុបនៅឡើយ។ ដោយឡែក ដំណាំសាវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់សរុបចំនួន ៤៩,៦១៦ហិកតា និងផ្ទៃដីខូចខាតចំនួន ២៦,៩០៧ហិកតា។ ជារួមស្ថានភាពទឹកជំនន់ បាននិងកំពុងស្រកចុះជាបណ្តើរៗ វិលត្រឡប់ទៅរកភាពប្រក្រតីវីញ។

ចំពោះផ្ទៃដីខូចខាត លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានដំណាំស្រូវ រៀបចំចុះស្រង់ស្ថិតិ ពិនិត្យ វាយតម្លៃ និងលើកសំណើអន្តរាគមន៍ស្រូវពូជជាបន្ទាន់ ដើម្បីយកមកចែកជូនប្រជាកសិករបន្ទាប់ពីទឹកស្រកចុះ ហើយករណីនេះមិនចំពោះតែខេត្តពោធិសាត់ និងខេត្តបាត់ដំបងទេ សារនេះបានផ្ញើជូនខេត្តទាំងអស់ ដែលទទួលរងនូវផលប៉ះពាល់គ្រោះទឹកជំនន់នេះ។

ចំពោះអគ្គនាយកដ្ឋានកសិកម្ម លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យធ្វើបច្ចុប្បន្នភាពសន្និធិស្រូវពូជ នៅទូទាំងប្រទេស ដើម្បីកំណត់បាននូវលទ្ធភាព នៃការផ្គត់ផ្គង់ស្រូវពូជបន្ទាប់ពីទឹកស្រកចុះ៕