(កោះកុង)៖ លោកស្រី មិថុនា ភូថង អ៊ុន ចាន់ដា អភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលជាអង្គ សម្តេចឪ សម្តេច តា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទិវង្គត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ មកទល់នឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ជាខួបគម្រប់ ៨ឆ្នាំហើយ។

តាមមន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា ការប្រារព្ធពិធីនេះឡើង ដើម្បីបង្ហាញនូវសេចក្តី គោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជារាស្ត្រ របស់ព្រះអង្គ។

ក្នុងពិធីនេះ មានសមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងមានការចូលពីមន្ត្រីរាជការគ្រប់ស្ថាប័ននានាក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តកោះកុងផងដែរ។

ការចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ក៏ដើម្បីរំលឹកថ្វាយចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកជោគជ័យ នៃកម្ពុជាក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥១ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើន ទៀតផងដែរ៕