(កោះកុង)៖ មន្រ្តីជាន់ខ្ពស់អាជ្ញាធរយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវនិងជំរុញដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ នៅខេត្តកោះកុង បន្តវាយបង្ក្រាបកាន់តែខ្លាំងឡើង លើបទល្មើសគ្រឿងញៀន តាមបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជាមេរោគបំផ្លាញសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ក្រុមយុវជនក្មេងៗ ជំនាន់ក្រោយបើសិនពួកគេបាន លង់ខ្លួនជាមួយបទល្មើសមួយនេះ ។

នៅព្រឹកថ្ងៃទី៤​ ខែកុម្ភ:​ ឆ្នាំ២០១៦​ លោក​ កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ ​និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣​ របស់រាជរដ្ឋាភិបាល​ ខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៥​ និងលើកទិសដៅការងារឆ្នាំ២០១៦​ដែលមានសមាសភាពចូលរួម មកពីតំណាងក្រសួង​ជាសមាជិក និង​ ក្រុមប្រឹក្សា​ គណៈអភិបាល​ មន្ទីរ​ អង្គភាព ខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ នៃខេត្តកោះ​កុង​ ។

នៅក្នុងកិច្ចប្រជុំនេះ លោក កៅ​ ខុន​ដារ៉ា​ បានប្រាប់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំរួមមានៈ
១.ពិនិត្យ​ ពិភាក្សា​ និងបូកសរុប​វាយតំលៃលទ្ធផលការងារឆ្នាំ២០១៥​ ដែលក្រុមការងារថ្នាក់ខេត្ត​ ក្រុង​ ស្រុក​ ឃុំ​សង្កាត់ និងថ្នាក់ជាតិយើង អនុវត្តបានក្នុងរយៈពេលមួយឆ្នាំ២០១៥ កន្លងមក​និងលើកទិសដៅការងារឆ្មាំ២០១៦។

២.ពិនិត្យ​ ពិភាក្សា​ កែសម្រួល​បំពេញបន្ថែមលើ សេចក្តីព្រាងរបាយការណ៍របស់ ក្រុមការងារថ្នាក់ជាតិដែលនឹងត្រូវរាយការណ៍ ជូនរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ​ លោកបានថ្លែងកោតសសើរដល់សមាជិកក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារដោះស្រាយការលំបាក​ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋដោយស្មោះត្រង់​ តាមរយៈការផ្តល់ជូនសេវាសាធាណៈបានយ៉ាងល្អប្រសើរ។

ឆ្នាំ២០១៦នេះលោកបានផ្តាំផ្ញើលើកទឹកចិត្ត ដល់សមាជិកក្រុមការងារត្រូវបន្តខិតខំ ដោះស្រាយបញ្ហាប្រឈមនានាដែលនៅ សេសសល់ មានជាអាទិ៍ពន្លឿនការផ្តល់ បណ្ណ័កម្មសិទ្ធដីធ្លី​ អត្តសញ្ញាណបណ្ណ័​ សៀវភៅស្នាក់នៅ​ និងសៀវភៅគ្រួសារជាបន្តទៀត​ ជាពិសេសបទបញ្ជារបស់ រាជរដ្ឋាភិបាលចេញនាពេលថ្មីៗនេះ ពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕