(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញ និងដោយមានការចាត់តាំង ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រុមការងារដែលដឹកនាំ ដោយលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបំពេញបេសកកម្មរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ទៅកាន់ខេត្តប៉ែកពាយព្យ នៃកម្ពុជា។

នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះជួបពិភាក្សាជាមួយលោកអភិបាលស្រុក អមមេឃុំទាំងប្រាំមួយនៃស្រុកបន្ទាយស្រី, លោកស្រីអភិបាលរង អបដោយក្រុមប្រឹក្សាឃុំទាំង០៩ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងបានជួបពិភាក្សា ជាមួយលោកអភិបាលរង និងជាតំណាងលោកអភិបាល ខេត្តបន្ទាយមានជ័យ អមដោយប្រធានមន្ទីរផែនការ មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០មក ព្រមទាំងសិក្សា និងលើកឡើងនូវដំណោះស្រាយចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនិងការអនុវត្តកម្មវិធីជំនួយសង្គមនេះផងដែរ។

បេសកកម្មនេះ គឺជាផ្នែកមួយនៃការវាយតម្លៃការអនុវត្តកម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាល ដែលបានដឹកនាំដាក់ឲ្យអនុវត្ត ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលបានអនុវត្តក្នុងរយៈពេល៤ខែកន្លងមក ស្របពេលដែល រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តកម្មវិធីជំនួយសង្គមពិសេសនេះ រយៈពេល៣ខែបន្ថែមទៀត ហូតដល់ដំណាច់ឆ្នាំ២០២០ និងបន្តឃ្លាំមើលជាប្រចាំ នូវឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕