(សៀមរាប)៖ កម្លាំងអន្តរាគមន៏ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១៣៥នាក់ បានបញ្ចប់វគ្គបំប៉នជំនាញទប់ ទល់បាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែបVIP ហើយប្រារព្វពិធីបិទនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋានក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្ត និងលោកឧត្តមសនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប។

យោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៏ត្រី សេន សុវណ្ណនី ស្នងការរង និងជាប្រធានវគ្គដឹកនាំគ្រូបង្គោល បានអោយដឹងថា វគ្គបំពាក់បំប៉ននេះ គឺ ប្រើរយៈពេលចំនួន១០ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងអន្តរាគមន៏ ពិសេសនៃស្នងការដ្ឋានទាំងមូលបន្ថែមទៀត ដើម្បីត្រៀមទប់ទល់ការប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែប VIP ជាដើម ដោយមានគ្រូបង្គោលមកពីការិយាល័យអន្តរាគមន៏ និងតម្រួតបទបញ្ជាជាអ្នកឧទ្ទេសនាម និងបង្រៀនដោយផ្ទាល់តែម្ដង។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្ត នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្ត បានថ្លែងកោតសរសើរដល់កងកម្លាំង នគរបាលជាសិក្ខាកាមទាំងអស់ ដែលបានខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពក្នុងការចូលរួមទប់ស្កាត់ និងបង្កាបបទល្មើសនានាដែល តែងតែបង្កការអុកឡុករំខានដល់ប្រទេសជាតិ និងប្រជាជនជាដើម។

ក្នុងនោះលោកក៏បានស្នេីសុំ អោយស្នងការដ្ឋានបន្តបើកវគ្គបង្រៀន និងបំប៉នដល់កងកម្លាំងរបស់ខ្លួន ជាបន្តទៀតផងដែរ៕