(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការមួយ ដោយលើកឡើងថា ការបញ្ឆេះឱ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ សម្រាប់ជាតិសាសន៍ខ្មែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីថ្លែងការនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប កត់សម្គាល់ឃើញថា អំឡុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានគណបក្សនយោបាយមួយ ដើម្បីតែប្រជាប្រិយភាពរបស់ខ្លួន បានធ្វើសកម្មភាពតាមរយៈភ្នាក់ងាររបស់ខ្លួន និងតាមបណ្ដាញសង្គម ដោយធ្វើការវាយប្រហារមកលើស្ថាប័ន គ.ជ.ប និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយគ្មានមូលដ្ឋានត្រឹមត្រូវ គ្រប់គ្រាន់ ក្នុងគោលបំណងបញ្ឆេះយុវជនឱ្យស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯង។

គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបញ្ឆេះឱ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ សម្រាប់ជាតិសាសន៍ខ្មែរ ដែលបានឆ្លងកាត់ភាពល្វីងជូរចត់ ជិតផុតពូជសាសន៍ ដែលក្នុងប្រវត្តិសង្គមមនុស្សជាតិ គ្មានប្រទេសជាតិណាមួយដូចនោះទេ។ ខ្មែរធ្លាប់មានអារ្យធម៌ ពូជពង្សខ្ពង់ខ្ពស់ ថ្លៃថ្នូរ កសាងបានអរិយធម៌ដល់កំពូល ដែលបរទេសកោតស្ញប់ស្ញែងគ្រប់ទិសទី ពុំមែនកសាងបានដោយមានសុទ្ធតែមនុស្សស្អប់ខ្ពើម ជាតិសាសន៍ខ្លួនឯងដល់ឆ្អឹងនោះទេ»

គ.ជ.ប សូមអំពាវនាវចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជនគួរប្រកាន់យកឥរិយាបថសទ្ធាចរិត (ចិត្តមានប្រាជ្ញា គោលការណ៍ ព្យាយាមជំរុញខ្លួនឯង និងអ្នកដទៃ) លះបង់វិតក្កចរិត (ចិត្តដែលកង្វល់ ច្របូកច្របល់ និងស្មុគស្មាញ) ព្រោះបុគ្គលដែលមានវិតក្កចរិត មិនដែលមានអនាគតល្អ និងជោគជ័យក្នុងជីវិតនោះទេ។ គ.ជ.ប បានបន្តថា មានតែការនាំគ្នាគោរពច្បាប់ទេ ទើបប្រទេសជាតិបន្តរក្សាបានសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បន្តទៅមុខទៀត។

បើតាម គ.ជ.ប, ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានប្រព្រឹត្តទៅយ៉ាងរលូនល្អ។ គ.ជ.ប សូមអបអរសាទរ និងស្វាគមន៍ ចំពោះកិច្ចសហការចូលរួម តាមតួនាទីរបស់ភាគីពាក់ព័ន្ធទាំងអស់។

គ.ជ.ប អះអាងទៀតថា ខ្លួនគឺជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកើតចេញពីការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ គ.ជ.ប គឺជាអង្គការ មានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេង ទៀតតាមការកំណត់នៃច្បាប់។

គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងមាត្រា ១៥០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ។ បន្ថែមលើនេះទៀត មាត្រា ៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប បានចែងថា សមាជិកទាំងឡាយនៃ គ.ជ.ប និងសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀង ក្នុងការអនុវត្តការងារបោះឆ្នោត។

ដោយ គ.ជ.ប បានគោរពយ៉ាងខ្ជាប់ខ្ជួននូវបណ្តាគោលការណ៍ច្បាប់ទាំងអស់នេះហើយ ទើបការបោះឆ្នោតសកលទាំង ២លើក ចុងក្រោយឆ្នាំ២០១៧ និងឆ្នាំ២០១៨ គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ ទាំងអន្តរជាតិ សុទ្ធតែវាយតម្លៃថាអាចទទួលយកបាន ពោលគឺគ្មានភាគីណាមួយដែលបានចូលរួមក្នុងការបោះឆ្នោត ហើយមិនទទួលស្គាល់ការបោះឆ្នោតទាំងនោះទេ។ តើទាំងនេះក្នុងនាមជាខ្មែរដែលអាចធ្វើបាន មិនគួរឱ្យមានមោទកភាពជាតិទេឬ?

ការបោះឆ្នោតមួយអាចប្រព្រឹត្តទៅដោយរលូនល្អ និងជោគជ័យបាន ក៏អាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះគណបក្សនយោបាយ ក៏ជាភាគីពាក់ព័ន្ធសំខាន់មួយក្នុងចំណោមភាគីពាក់ព័ន្ធទាំង១១ នៃការបោះឆ្នោត។

ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងលើកកម្ពស់ការយល់ដឹងរបស់គណបក្សនយោបាយ អំពីសិទ្ធិ និងកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត គ.ជ.ប សូមធ្វើការណែនាំ និងរំលឹក ដូចខាងក្រោម៖

១៖ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

* មាត្រា៧៖ គណបក្សនយោបាយនីមួយៗដែលឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងតំណាងរបស់ខ្លួន ២រូប ពេញសិទ្ធិ ១រូប និងបម្រុង ១រូប ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហៅថាភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតការណ៍មើលការបោះឆ្នោត តាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ។

* មាត្រា១៤៖ ភ្នាក់ងារគណបក្សនយោបាយនីមួយៗ ដែលទទួលបានការអនុញ្ញាត មានសិទ្ធិមានវត្តមាននៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោត តាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

* មាត្រា១៥៖ ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិជំទាស់ ឬតវ៉ា រាល់ការរំលោភទៅលើច្បាប់នេះ ឬបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលភ្នាក់ងារនោះបានឃើញផ្ទាល់។

* មាត្រា១៦៖ ការជំទាស់ ឬការតវ៉ា ត្រូវធ្វើទៅប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ឬប្រធានការិយាល័យរាប់សន្លឹកឆ្នោត នៅពេលមានការរំលោភ ឬបន្ទាប់ពីមានការរំលោភ។

* មាត្រា១៨៖ ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ភ្នាក់ងារគណបក្សនយោបាយមិនត្រូវ ៖

១៖ ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្រ្តីបោះឆ្នោត និងមន្រ្តីរាប់សន្លឹកឆ្នោត
២៖ រំខាន ឬជ្រៀតជ្រែកដំណើរការបោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោត
៣៖ លើកឡើងនូវការជំទាស់ ឬការតវ៉ាទៅជនណាម្នាក់ក្រៅពីប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ឬប្រធានការិយាល័យរាប់សន្លឹកឆ្នោតបានឡើយ
៤៖ រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ ឬបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

* មាត្រា១៤២៖ ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០រៀល ទៅ ២០.០០០.០០០រៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។

២៖ ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ

* ចំណុច ៥.២៖ សិទ្ធិ និងភារកិច្ចរបស់គណបក្សនយោបាយ (មាន ៩ ចំណុច)។
* ចំណុច ៥.៣ ៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ (មាន ២ ចំណុច)។
* ចំណុច ៦៖ បម្រាមចំពោះគណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ (មាន ៤៣ ចំណុច)។

គោលដៅចម្បងបំផុតរបស់ គ.ជ.ប គឺបម្រើប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពោលគឺប្រជាពលរដ្ឋគ្រប់រូបឱ្យតែដល់អាយុបោះឆ្នោត ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ឈ្មោះក្នុងបញ្ជីនោះត្រូវតែត្រឹមត្រូវអាចបោះឆ្នោតបាន ហើយនៅពេលបោះឆ្នោតគ្មានការគំរាមកំហែង ពិសេសសំឡេងឆ្នោតគ្រប់គ្នាត្រូវតែបានរាប់យ៉ាងត្រឹមត្រូវតាមឆន្ទៈ ដែលប្រជាពលរដ្ឋបានសម្តែង។ គោលការណ៍ទាំងនេះ គឺជាការគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរដ៏ខ្ជាប់ខ្ជួនបំផុតរបស់ គ.ជ.ប៕