(ភ្នំពេញ)៖ គ្រប់កាលៈទេសៈ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែបន្ដការយកចិត្ដទុក្ខដាក់ខ្ពស់ ពីសុខទុក្ខរបស់កូនចៅ មិនថាក្ដៅរីងស្ងួតហួតហែង ត្រជាក់រងារយ៉ាងណា ក៏ម្ដាយដ៏សប្បុរសរូបនេះ បន្ដស្វះស្វែង និងចាត់ចែងក្រុមការងារ ចុះជួយសម្រាលការលំបាក ដោយមិនដែលរំលងកូនចៅណាម្នាក់ឡើយ។

ជាក់ស្ដែងអំឡុងជួយគ្រោះទឹកជំនន់នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកាជូនដល់សាខាកាកបាទក្រហមប្រចាំខេត្តចំនួន៣ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយទឹកជំនន់ជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ ក្នុងមួយខេត្តៗចំនួន១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់មន្រ្តីពីទីស្នាក់ការកណ្តាលកាកបាទក្រហម នៅរាជធានីភ្នំពេញ ចុះធ្វើការជាមួយមន្រ្តីកាកបាទក្រហមកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដោយឡែកសម្រាប់ខេត្តបាត់ដំបង ប្រគល់ភារកិច្ចជូនលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមប្រចាំខេត្ត ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋតែម្តង។

ដោយនៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន ៤១២គ្រួសារ ដែលមកភូមិចំនួន១០ ក្នុងឃុំស្រែកស្ដុក ស្រុកកណ្ដៀង ដើម្បីជួយដោះស្រាយ និងសម្រាលការលំបាកអំឡុងជួបគ្រោះទឹកជំនន់នេះ។

ក្នុងឱកាសនោះ លោកវេជ្ជ. បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «ខ្ញុំ និងសហការីកាកបាទក្រហមកម្ពុជា សូមចូលរួមការសោកស្តាយ និងសម្តែងនូវអាណិតអាសូរដល់បងប្អូនដែលបានរងគ្រោះដោយសារទឹកជំនន់»

កាកបាទក្រហមកម្ពុជា បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេសជាពិសេស ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ដោយពុំទុកអ្នកណាមួយចោលនោះទេ។

លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់៖

* ត្រូវរក្សាអនាម័យឲ្យបានល្អ បរិភោគទឹកដែលបានដាំឆ្អិនត្រឹមត្រូវ

* ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ

* បន្តការបង្ការការឆ្លងមេរោគ COVID-19 នៅក្នុងសហគមន៍

* ការពារការឆ្លងមេរោគគ្រុនឈាម និងគ្រុនឈិក។

សូមជម្រាបថា សម្ភារដែលពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤១២គ្រួសារនៅខេត្ដពោធិ៍សាត់ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដបផងដែរ៕

http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-41-0.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-41-1.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-41-2.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-42-3.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-42-4.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-42-5.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-42-6.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-42-7.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-43-8.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-43-9.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-43-10.JPG http://image.freshnewsasia.com/2020/id-025/fn-2020-10-15-13-48-43-11.JPG