(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយដ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បាននាំវិទ្យុទាក់ទងចំនួន២១៣គ្រឿង ប្រគល់ជូនអង្គភាពនានា ជុំវិញរដ្ឋបាលស្រុកបន្ទាយអំពិល។

លោក ប៉ែន កុសល្យ បានថ្លែងថា វិទ្យុទាក់ទងដែលនាំមកប្រគល់ជូននៅពេលនេះ ជាអំណោយរបស់លោក នៅ សំ អ្នកតំណាងរាស្ត្រមណ្ឌលឧត្តរមានជ័យ។

លោកអភិបាលខេត្ត បានថ្លែងពីសារសំខាន់របស់វិទ្យិទាក់ទង ដែលអាចជួយសម្រួលការងារទំនាក់ទំនងគ្នាដោយមានភាពងាយស្រួលបន្ទាប់ពីទូរសព្ទ ហើយលោកជំរុញឲ្យជួយថែរក្សាដើម្បី ឲ្យការប្រើប្រាស់បានយូរអង្វែង។

លោកអភិបាលខេត្តឧត្តរមានជ័យ បានជម្រាបជូនពីស្ថានភាពទឹកនៅក្នុងខេត្ត ដែលរយៈពេល២ថ្ងៃនេះ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងតាមក្រុងស្រុកទាំងអស់។

លោកថា សម្រាប់ខេត្តឧត្តរមានជ័យមិនមានស្ថានភាពគ្រោះទឹកជំនន់នោះទេ បើមានលុះត្រាតែភ្លៀងបន្តធ្លាក់យ៉ាងហោចណាស់៥ថ្ងៃជាប់គ្នា ហើយខេត្តឧត្តរមានជ័យ ស្ថានភាពអំណោយផលល្អ ដែលមិនបង្កឲ្យមានគ្រោះទឹកជំនន់នោះ គឺយើងមានភ្នំដងរ៉ែកដែលខណ្ឌចែកគ្នារវាងប្រទេសថៃ និងប្រទេសខ្មែរ។

ជាមួយគ្នានេះដែរលោក ប៉ែន កុសល្យ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា និងជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវណែនាំដល់យុវជនដែលមានអាយុ១៥ឆ្នាំ ទៅធ្វើអត្តសញ្ញាណបណ្ណ។

លោកក៏ណែនាំឲ្យមន្ត្រីទាំងអស់ ត្រូវខិតខំបំពេញតូនាទីភារកិច្ចបម្រើប្រជាពលរដ្ឋអោយបានច្រើន ចៀសវាងដើរតាមមេច្រើន «មន្ត្រីឧស្សាហ៍មិនមែនពូកែដើរតាមមេទេ ប៉ុន្តែមន្ត្រីឧស្សាហ៍ គឺពូកែចុះមូលដ្ឋានជួបប្រជាពលរដ្ឋ»៕