(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទវត្តកំពង់ស្វាយ បានចុះពិនិត្យស្ថានភាពការសាងសង់ស្ពានបេតុងឆ្លងកាត់ស្ទឹងសែន ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ជាមួយគ្នានេះ លោកស្រីក៏បានថ្លែងអំណរគុណលោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តា ខេត្តក្រុងទាំងអស់ ដើម្បីនាំយកបច្ច័យមកកសាងនូវសមិទ្ធផលនានានេះពិសេសបានជួយសាងសង់ស្ពានថ្មឆ្លងកាត់ស្ទឹងសែន។

លោកស្រីបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រូវនាំគ្នារក្សាសន្តិភាព ឱ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»

ក្នុងកាចុះពិនិត្យលោកស្រី ឃួន ឃុនឌី បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើនធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លា របស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួនដើម្បីយកមកកសាង។

លោកស្រីបានថ្លែងទៀតថា «នេះគឺជាការរួមចំណែកមួយដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ជាការបង្ហាញឱ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការ ប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង និងជាចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ឱ្យមានការអភិវឌ្ឍន៍ និងបង្ហាញពីសាមគ្គីភាពរបស់បងប្អូន»

ប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបាននូវសមិទ្ធផលថ្មីដែលកាលពីមុនពួកគាត់ធ្លាប់តែលំបាកក្នុងការធ្វើដំណើរ រហូតដល់ពេលខ្លះមានការលិចលង់ស្លាប់កូនស្លាប់ចៅក៏មាន ហើយការសាងសង់ស្ពាននេះឡើង គឺបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានទៅសិក្សារៀនសូត្រ និងប្រជាពលរដ្ឋបានដឹកកសិផលពីត្រើយម្ខាង ទៅត្រើយម្ខាងឬពីស្រុកមួយ ទៅស្រុកមួយផងដែរ។ ចុងក្រោយប្រជាពលរដ្ឋសូមអំពាវនាវសប្បុរជនសូមមេត្តាចូលរួមចាប់មគ្គផលតាមសទ្ធា ដើម្បីកសាងស្ពាននេះឱ្យបានរួចរាល់ជាស្ថាពរ។

គួរបញ្ជាក់ថា ការសាងសង់ស្ពានថ្មឆ្លងស្ទឹងសែនមានប្រវែង១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកាអស់ជាង ៥០ម៉ឺនដុល្លារកសាងតាំងពីឆ្នាំ២០១៧ មានការផ្តួចផ្តើមពីលោកស្រី ឃួន ឃុនឌី ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទវត្តកំពង់ស្វាយ អាជ្ញាធរដែនដី៕