(ភ្នំពេញ)៖ «ខ្ញុំសូមឆ្លៀតយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជនយុវនារីជាទីស្រឡាញ់ សូមចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុត នៅក្នុងប្រទេស។» នេះបើយោងតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅលើ Facebook នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦។​

សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា «ច្បាស់ណាស់ យើងពិតជាសប្បាយចិត្តនៅពេលដែលយើងអាចជួយជីវិតមនុស្សបាន តាមរយៈការផ្តល់ឈាម។ ខ្ញុំមានជំនឿថា ពលរដ្ឋគ្រប់ៗរូបអាចធ្វើបាន ជាពិសេសយុវជន ដែលគ្រាន់តែចំណាយពេល ២៥នាទីតែប៉ុណ្ណោះ។ ការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពឡើយ។ ចំពោះរូបខ្ញុំគឺនឹងឆ្លៀតយកពេលពីការងារទៅបរិច្ចាគឈាម ជួយពលរដ្ឋនៅថ្ងៃណាមួយខាងមុខនេះ ប្រសិនបើគ្រូពេទ្យដែលព្យាបាលខ្ញុំអនុញ្ញាត។ សូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទូទាំងប្រទេសចូលរួមបរិច្ចាគឈាម ជួយសង្រ្គោះជីវិតមនុស្សនៅថ្ងៃនេះទាំងអស់គ្នា! សូមអរគុណ»