(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ ខេត្តកណ្តាល បានឃាត់ខ្លួនស្ត្រីជាជនសង្ស័យលួចគោម្នាក់ នៅម៉ោង៩៖០០នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅនៅចំណុចក្រោយ ភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទ្បាង ធីតា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ចំណែកជនរងគ្រោះជាម្ចាស់គោ ឈ្មោះ សែម ធូ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិចបានបញ្ជាក់ទៀតថា នៅថ្ងៃខែឆ្នាំកើតហេតុ ខាងលើវេលាម៉ោង ប្រហែល៧៖០០ព្រឹក ម្ចាស់គោបានដីកយកទៅចងឲ្យស៊ីស្មៅ នៅខាងក្រោយផ្ទះ ក្នុងភូមិត្របែកពក។ លុះដល់ម៉ោងប្រហែល១១៖០០ថ្ងៃត្រង់ ក៏ទៅរកដឹកគោយកមកឲ្យទឹកផឹក ស្រាប់តែបាត់គោ តែម្តង។ ក៏បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ ឲ្យជួយស្រាវជ្រាវរក។ លុះដល់ម៉ោងប្រហែល៩៖០០នាទីយប់ ទើប រកឃើញតែម្តង ដោយគោនោះត្រូវបានជនល្មើស កំពុងបណ្តើរ។

បច្ចុប្បន្នជនល្មើស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បកសាងសំណុំរឿង ទៅតាមនីតិវិធី៕