(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធីស្វាគមន៍ដល់សិស្សានុសិស្ស គ ថ្លង់ មកពីអង្គការគ្រួសារថ្មី សាខាខេត្តកំពង់ចាម និងសាខាអ្នកលឿង សរុបចំនួន២០នាក់ ដែលដឹកនាំដោយអ្នកគ្រូចំនួន០៣នាក់ទៀត ជាអ្នកសម្របសម្រួល។ ការធ្វើទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកស្រី សុខ ស្រីពៅ ដែលជាមន្ត្រីផ្តល់ប្រឹក្សា លើការសិក្សានិងការងារ នៃអង្គការគ្រួសារថ្មី ហើយជាអ្នកដឹកនាំសិស្សានុសិស្ស ទាំងអស់ បានឲ្យដឹងថា​ សិស្សានុសិស្សដែលអញ្ជើញមកនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពី កម្មវិធីសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាចង់បានការណែនាំ ពីគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យចង់បន្តការសិក្សា ដល់ថ្នាក់ឧត្តមសិក្សា។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្នអង្គការគ្រួសារថ្មីមាន០៥ទីតាំង នៅរាជធានីភ្នំពេញ អ្នកលឿង ខេត្តកំពង់ចាម ខេត្តបាត់ដំបង់ និងខេត្តសៀមរាប ដែលការងារទីមួយធ្វើការលើវិស័យអប់រំ សម្រាប់កុមារគ ថ្លង់ និងពិការភ្នែក ទីពីរសុខមាលភាពកុមារ ដើម្បីជួយដល់កុមារក្រីក្រ ដូចជាកុមារបោះបង់ចោល កុមារកំព្រា កុមារតាមចិញ្ចើមផ្លូវ ឬជាជនរងគ្រោះពីការជួញដូរ និងទីបី អភិវឌ្ឍន៍វប្បធម៍ និងសិល្បៈសម្រាប់ទាំងអស់គ្នា។

លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង តំណាងលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើបទបង្ហាញពីប្រវត្តិ នៃការបណ្តុះបណ្តាល របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដូចជាទីតាំងអគារសិក្សា កម្រិតនៃការបណ្តុះបណ្តាល ឯកទេស ដៃគូសហការ និងសកម្មភាពមួយចំនួនទៀត ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននឹងកំពុងអនុវត្តន៍។

លោកសាកលវិទ្យាធិការរង បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្លាប់បានទទួល និងកំពុងទទួលបន្តទៀត ចំពោះសិស្ស ដែលមកពីអង្គការគ្រួសារថ្មី ឱ្យបានមកសិក្សានៅ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នេះ។ និស្សិតទាំងអស់នោះបានបញ្ចប់និងកំពុង សិក្សាលើឯកទេសចំនួនពីរ គឺវិទ្យាសាស្រ្តកុំព្យូទ័រ សម្រាប់និស្សិតគ ថ្លង់ និងឯកទេសអក្សរសាស្រ្តអង់គ្លេស សម្រាប់និស្សិតពិការភ្នែក​ ហើយលោកក៏ដូចជាគណៈគ្រប់គ្រង ព្រឹទ្ធបុរសទាំងអស់នៅតែស្វាគមន៍ ជានិច្ចចំពោះការចង់មកសិក្សានៅទីនេះ។

លោកបន្តថា​ ពិសេសនៅក្នុងឆ្នាំ២០១៦នេះ ខាងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ក៏បានបង្កើត វគ្គសិក្សាកម្រិត វិជ្ជាជីវៈលើការធ្វើម្ហូប ដុតនំ ចំអិនអាហារ និងផ្នែករៀបចំសណ្ឋាគារបន្ថែមទៀត ដែលជំនាញទាំងនេះក៏ជាជំនាញដែលអនុញ្ញាត ឱ្យប្អូនៗគ ថ្លង់ អាចសិក្សាបានដែរ។

គួរបញ្ជាក់ថា ក្រោយពីបានធ្វើបទបង្ហាញ និងសួរដេញដោលពីជំនាញ ដែលអាចត្រូវនឹងលក្ខណៈសម្បត្តិរបស់ប្អូនៗគ ថ្លង់ និងពិការភ្នែករួចមក សិស្សានុសិស្ស និងអ្នកគ្រូដែលអញ្ជើញ មកពីអង្គការគ្រួសារថ្មី ត្រូវបានអញ្ជើញទស្សនកិច្ចតាមបន្ទប់សិក្សា បន្ទប់អនុវត្តន៍នានា ក្នុងបរិវេណសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលធ្វើឱ្យប្អូនៗទាំងអស់មានចិត្ត សប្បាយរីករាយ ក្រៃលែង៕