(កំពង់ស្ពឺ)៖ នៅព្រឹកថៃ្ងទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ខណៈទឹកបានជន់លិច ភូមិឋានផ្ទះសម្បែងប្រជាពលរដ្ឋ នៅតាមបណ្តាក្រុង ស្រុកមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ។

នាឱកាសនោះលោក ហ៊ុន ម៉ានី និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញពិនិត្យផ្ទាល់នៅទំនប់បង្ហៀរ ទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ ដែលជាទំនប់ទឹកបង្ហៀរមានតួនាទី និងគុណសម្បត្ដិស្ដុកទឹករដូវប្រាំងវស្សា សម្រាប់ស្រោចស្រពផលដំណាំ ប្រជាកសិករនៅផ្នែកខាងលើ និងផ្នែកខាងក្រោម នៃស្រុកសំរោងទង។ បច្ចុប្បន្នទឹកបានហូរច្រោះមកផ្នែកខាងក្រោម តាមប្រឡាយមេដែលបានជន់លិចផលដំណាំប្រជាកសិករជន់លិចផ្ទះពលរដ្ឋខ្លះ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។

បន្ទាប់ពីពិនិត្យនៅទំនប់ទឹកចាន់ថ្នាលរួច លោក ហ៊ុន ម៉ានី បានបន្ដដំណើរអញ្ជើញ ពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្ដខេត្ដ និងបានចូលជួបពិភាក្សាការងារ នៅរដ្ឋបាលសាលាខេត្ដកំពង់ស្ពឺ ដើម្បីស្វែងរកដំណោះស្រាយ និងវិធានការឆ្លើយតបផងដែរ។

លោក ហ៊ុន ម៉ានី ក៏បាននាំមកជាមួយនូវអំណោយជាគ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ភេសជ្ជកំប៉ុង ទឹកក្រូច ទឹកផ្លែឈើមួយចំនួន ជូនដល់រដ្ឋបាលសាលាខេត្ដកំពង់ស្ពឺ ដើម្បីមានលទ្ធភាព ក្នុងការជួយសង្រ្គោះចែកជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ៕