(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំពិធីក្រុងពាលី ថតរឿងថ្មីមួយទៀត មានចំណងជើង​ថា«វាលស្រែស្នេហ៍ខ្ញុំ» ដែលជាកិច្ចសហការផលិត រវាងអ្នកដឹកនាំសម្ដែងនៃប្រទេស​កម្ពុជា និងថៃ​ បន្ទាប់ពីរឿងទី១មានចំណងជើងថា «ភ្លើងស្នេហ៍ ភ្លើងឫស្សា» កំពុងដំណើរការថត ដើម្បីចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍មួយនេះ ក្នុងម៉ោងពិសេស តាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព័ត៌មាន។ ចំណុចពិសេសក្នុងរឿងនេះ ត្រូវបានអ្នកដឹកនាំសម្ដែងបង្ហើបថា ផ្ដោតសំខាន់លើមនោសញ្ចេតនា ស្នេហាបែបស្រុកស្រែ និងលើកតម្កើងវិស័យកសិកម្ម ធ្វើស្រែចំការ របស់ប្រជាពលរដ្ឋខ្មែរ។

ពិធីក្រុងពាលីនាព្រឹកមិញនេះ ក៏មិនខុសពីពេលកាលក្រុងពាលីថតរឿងទី១ដែរ ដោយបានធ្វើឡើងនៅចំណុច ក្បែរអាងហែលទឹក នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ផលិតករខ្មែរ-ថៃ តារាសម្ដែងល្បីៗក្នុងរឿងទាំងអស់ ថ្នាក់ដឹកនាំ និងក្រុមការងារ នៃស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ជាច្រើននាក់ ។ ក្នុងរឿង «វាលស្រែស្នេហ៍ខ្ញុំ» មានការចូលរួមសម្ដែងជាតួឯកដោយកញ្ញា ​ម៉ុន ផល​ចរិយា ហៅ រីយ៉ា និងលោក ណាខុន ជាតួឯកប្រុស ។

លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងផលិតកម្មវិធី នៃស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា រឿងភាគ«វាលស្រែស្នេហ៍ខ្ញុំ» ជាប្រទេសរឿង​និយាយ​ពីស្នេហា និងការរស់នៅរបស់អ្នកស្រុកស្រែចំការ ពីព្រោះកន្លងមកភាគច្រើន ដែលស្ថានីយទូរទស្សន៍បានថត ច្រើនតែនិយាយពីជីវភាពរស់នៅ របស់អ្នក​​ទីក្រុង ជាប្រភេទរឿងសម័យ តែរឿងនេះ ឆ្លុះបញ្ចាំងពីការរស់នៅស្រុកស្រែ ពីការប្រកបរបស់កសិកម្ម ខណៈប្រទេសកម្ពុជាយើង ជាប្រទេសកសិកម្ម ហើយប្រជាពលរដ្ឋប្រមាណ៨០% ប្រកបរបរកសិកម្ម ត្រូវតែលើកតម្កើង របរកសិកម្មរបស់ខ្មែរយើង។

លោក ស៊ិន សុផាត បានបន្តឲ្យដឹងទៀតថា រឿង «វាលស្រែស្នេហ៍ខ្ញុំ» គឺជាការសហការផលិតរួមគ្នា រវាងផលិតករខ្មែរ និងផលិតករថៃ ដើម្បីធ្វើយ៉ាងណាឲ្យសាច់រឿង​ មានភាពទាក់ទាញ មានគុណភាពអាចទទួលយកបាន ព្រោះយើងទទួលស្គាល់ថា ការដឹកនាំសម្ដែងរបស់ផលិតករខ្មែរ ហាក់នៅមានកម្រិត និងតែងតែមានមតិរិះគន់ ពីសំណាក់ទស្សនិកជន អ្នកទស្សនា ដូច្នេះរឿងជាបន្តបន្ទាប់ត្រូវសហការ ជាមួយផលិតករថៃ ដើម្បីទទួលបានបទពិសោធ ជំនាញ ហើយគេក៏ជួយបង្ហាត់បង្រៀន ផលិតករខ្មែរយើង តាមរយៈការផលិតខ្សែភាពយន្តភាគ នេះផងដែរ។

លោកបានបញ្ជាក់ថា ទោះបីជារឿងនេះ មានការសហការផលិតពីសំណាក់ អ្នកដឹកនាំសម្ដែងមកពីប្រទេសថៃក៏ដោយ ប៉ុន្តែក្នុងសាច់រឿងទាំងមូល ត្រូវថតឡើងជាលក្ខណៈជាខ្មែរ ទាំងការស្លៀកពាក់ ការនិយាយស្ដី ប្រពៃណីវប្បធម៌ ​ការប្រកបរបរកសិកម្ម និងមនោសញ្ចេតនាស្នេហា រវាងតួសម្ដែងនីមួយៗក្នុងរឿង ហើយយើងនឹងសម្រិតសម្រាំង ឲ្យមានគុណភាព តាមលក្ខណៈស្ដង់ដារអន្តរជាតិ សម្រាប់អ្នកទស្សនា។

សូមបញ្ជាក់ថា ភាពយន្តភាគរឿង «វាលស្រែស្នេហ៍ខ្ញុំ» ជារឿងបែបមនោសញ្ចេតនា បង្ហាញពីជីវិតស្នេហា រវាងកំលោះ និងក្រមុំស្រុកស្រែ ដែលបានកើតឡើងក្នុងខេត្ត បាត់ដំបង ជាស្នេហាពោរពេញ​ ដោយភាពផ្អែមល្ហែម ព្រមជាមួយនឹងបទចម្រៀងយ៉ាងពីរោះ បែបជនបទ បង្កើតជាទស្សនីយភាពកំប្លុកកំប្លែង សប្បាយរីករាយ ស្ទើរគ្រប់ឈុតឆាក ។ ជាមួយគ្នានេះ ក្រៅពីប្លែកអារម្មណ៍ នឹងឈុតឆាកកំប្លែង ទស្សនិកជននឹងស្លុងអារម្មណ៍ ជាមួយឈុតសោកសង្រែង កំសត់សង្វេគ ដោយសារតែបញ្ហាជាច្រើន ក្នុងផ្ទៃរឿងទាំងមូល រារាំងស្នេហារបស់កំឡោះក្រមុំមួយគូនេះ មិនឲ្យជួបគ្នាដូចក្ដីប្រាថ្នា ហើយឧបសគ្គដ៏ធំនោះគឺ រនាំងវណ្ណៈ និងគំនុំរបស់គ្រួសារ របស់អ្នកទាំងពីរ៕