(តាកែវ)៖ ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ លោក ថៃ លី នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទចុះអប់រំ និងណែនាំដល់ក្រុមអាជីវករលក់មាន់ទារ នៅផ្សារតាកែវ និងផ្សារណាត់ ព្រមទាំងមានការបិទស្លាកសញ្ញា តាមដើមឈើទីសាធារណៈ និងចែកខិត្តប័ណ្ណដល់ប្រជាពលរដ្ឋពីវិធីបង្កាកុំឲ្យឆ្លងជំងឺផ្ដាសសាយបក្សីផងដែរ។

លោក ថៃ លី បានថ្លែងថា «រដូវនេះអាកាសធាតុមានការប្រែប្រួលធ្វើឲ្យបក្សីមួយចំនួន មានសុខភាពមិនល្អ ហើយអាចមានជំងឺ ដូច្នោះយើងបានចុះធ្វើការពន្យល់ ដល់បងប្អូនអាជីវករលក់មាន់ទា និងប្រជាពលរដ្ឋដែលមានការចិញ្ចឹមសត្វពីវិធីបង្ការ និងការពារកុំឲ្យរាលដងឆ្លងជំងឺផ្ដាសសាយបក្សី ពីសត្វមកមនុស្សតាមរយៈការបង្កើនអនាម័យដោយជៀសវាងការប៉ះពាល់បក្សី ដែលមានជំងឺ ហើយបើមានបក្សីណាងាប់ គឺមិនត្រូវយកមកលក់នោះទេ គឺត្រូវតែយកបក្សីនោះទៅកប់ចោល»។ 

លោក ថៃ លី បានបន្តទៀតថា ការចុះអប់រំដល់អាជីវករក៏ដូចជា ប្រជាពលរដ្ឋលក់បក្សីនិងចិញ្ចឹមបក្សីនោះ ក៏យោងទៅតាមសេចក្ដីណែនាំរបស់ក្រសួងកសិកកម្មស្ដីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ នៅក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះផងដែរ។ បើតាមលោកប្រធានការិយាល័យបសុព្យាបាល នៅ ខេត្តតាកែវមានការចិញ្ចឹមសត្វបក្សីច្រើនជាងគេទាំងអស់ នៅក្នុងប្រទេសកម្ពុជាយើងនេះ ពោលគឺខេត្តតាកែវគឺជាខេត្តលេខ១ ដែលមានការចិញ្ចឹមមាន់ទា រហូតដល់ជាង២លានក្បាល។

កន្លងមកដើម្បីការពារជំងឺផ្ដាសសាយបក្សីនេះក្រុមមន្រ្តីបសុពេទ្យខេត្តតាកែវបានធ្វើការចុះអប់រំដល់កសិដ្ឋាន ចិញ្ចឹមមាន់ទាព្រមទាំងមានការបាញ់ថ្នាំសំលាប់មេរោគថែមទៀតផង។ មន្រ្តីបសុពេទ្យក៏បានប្រាប់ដល់ម្ចាស់កសិកដ្ឋាន និងប្រជាពលរដ្ឋ សូមឲ្យជួយរាយការណ៍ជាបន្ទាន់ក្នុងករណី មានការសង្ស័យលើសត្វបក្សីដែលខ្លួនចិញ្ចឹម មកដល់អាជ្ញាធពាក់ព័ន្ធងាយស្រួលយើងនិងចុះធ្វើការពិនិត្យនិងមានវិធានការណ៍ទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕