(បន្ទាយមានជ័យ)៖ អ្នកវិនិយោគក្នុងខេត្ត, ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចូលរួមពីធីបញ្ចុះបឋមសិលា ស្ថាបនាផ្សារអូរជ្រៅ ជាផ្សារធំ និងមានស្តង់ដារមួយ ក្រោមវត្តមានលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក កៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទ លោក ឡាយ គឹមលី អគ្គលេខាធិការរង​ អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន។ ផ្សារនោះស្ថិតនៅជាប់ថ្នល់ជាតិលេខ៥ និងផ្លូវរថភ្លើងក្នុង ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក ប៉ិន សាវ៉ើន ប្រធានក្រុមហ៊ុន PVK Invesment Co.,Ltd  បានឲ្យដឹងថា ផ្សារអូរជ្រៅនេះ មានផ្ទៃដីជាង៧ហិចតា ក្នុងនោះផ្នែកអគារមានអាគារផ្សាធំ ទំហំបណ្តោយ៤៧មែត្រ គុណទទឺង​៥៧.៥ម៉ែត្រ និងមានតូបសរុប១៦៨តូប។ អគារផ្សារត្រីទំហំបណ្តោយ២៥ម៉ែត្រ គុណ៥៧.៥ម៉ែត្រ មានតូប១២១តូប និងស្តង់ទំហំ ១៣ម៉ែត្រ គុណ៤.២ម៉ែត្រ សរុប៥៦ស្តង់។ ផ្សារថ្មីនេះ មានសួនច្បារ កន្លែងហាត់ប្រាណ ប៉ុស្តិ៍សន្តិសុខ បង្កន់អនាម័យ ផ្លូវកៅស៊ូ និងផ្លូវបេតុងខ្វាត់ខ្វែងធំទូលាយ មានប្រព័ន្ធទឹក ភ្លើង លូបង្ហូរទឹកសំអុយ មានផាសុខភាពដល់បងប្អូនអាជីវករ ក្នុងការរស់នៅនិងប្រកបអាជីវកម្ម ស្របតាមគោលនយោបាយសេដ្ឋកិច្ច របស់ប្រទេស និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក ប៉ិច សាវ៉ើន បានបន្តថា ក្រុមហ៊ុនផ្តល់ជូនការលក់មិន យកប្រាក់ឈ្នួល៣ឆ្នាំសម្រាប់តូប ផ្សារត្រី និងបន្លែ។ ឯតួ និងស្តង់ផ្សារធំ ផ្តល់ជូនលក់ដូរ មិនយកប្រាក់ឈ្នួល១ឆ្នាំ។ ឯដីអាចទិញ ដោយបង់រំលោះ បានក្នុងអត្រាការប្រាក់ទាប ហើយមកទល់ពេលនេះ ផ្សារសាងសង់បានជាង៦០ភាគរយ តែការប្រារព្ធពិធីផ្លូវការបញ្ចុះបឋមសិលា ដើម្បីសិរីសួស្តី និងជោគជ័យទាំងអស់គ្នាពេលនេះ។

លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថា រដ្ឋបាលខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ អនុញ្ញាតច្បាប់ បង្កើតនិងសាងសង់ផ្សារអូរជ្រៅនេះឡើង ក៏មានក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយជាផ្សារធំជាងគេ មានស្តង់ដារ មានសោភ័ណភាព បរិស្ថាន អានាម័យល្អ ។ រដ្ឋបាលខេត្ត ក៏ដូចរាជរដ្ឋាភិបាលបាន និងបន្តជម្រុញ លើកទឺកចិត្តអ្នកវិនិយោគ ក្នុងមូលដ្ឋាន ក្នុងស្រុកចូលរួមវិនិយោគ និងប្រកបអាជីវកម្មនានា ដើម្បីលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ គណៈអធិបតីមន្ត្រី និងភ្ញៀវបានផ្តល់អំណោយ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដល់ពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្ស កងកម្លាំងនិងមន្ត្រី ព្រមឡើងបញ្ជាគ្រឿងចក្រ ជានិមិត្តរូបនៃការបើកការដ្ឋាន សាងសង់ផ្សារអូរជ្រៅ បន្តឲ្យរួចរាល់ដូចគ្រោងទុក ពោល គឺតាមគម្រោងការសាងសង់ផ្សារនេះ បានចាប់ផ្តើមពីចុងឆ្នាំ២០១៥មក ហើយយ៉ាងយូរនឹងរួចរាល់ នៅក្នុងខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ៕