(ព្រះសីហនុ)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយមន្រ្តីសុខាភិបាល ជាន់ខ្ពស់មួយចំនួន បានអញ្ជើញចុះពិនិត្យ និងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវអគារមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ។

តាមរបាយការណ៍បានឲ្យដឹងថា អគារមន្ទីរពេទ្យ ថ្មីត្រូវបានចាប់ផ្តើមដំណើរការសាងសង់នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាល ជប៉ុន ក្នុងទឹកប្រាក់ជាង១៥លានដុល្លាសហរដ្ឋអាមេរិក និងបានបញ្ចប់ការសាងសង់ និងបំពាក់សម្ភារៈបរិក្ខារពេទ្យ រួចរាល់ជាស្ថាពរជាស្ថាពរ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

អគារថ្មីទាំងនេះគ្រោង នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថ្មីនេះនឹងចូលរួមចំណែក យ៉ាងធំធេងក្នុងការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពមិនត្រឹមតែនៅ ខេត្តព្រះសីហនុមួយប៉ុណ្ណោះទេ តែវានឹងផ្តល់សេវាគាំទ្រដល់ខេត្តនៅជុំវិញផងដែរ។

អគារថ្មីនេះមាន ចំនួន៥អគាររួមមាន ១.អគារសង្រ្គោះ បន្ទាន់ រូបភាពវេជ្ជសាស្រ្ត និងបន្ទប់វះកាត់ ២.អគារសម្ភព រោគស្រ្តី និងជំងឺកុមារ ៣.អគារជំងឺទូទៅ និងជំងឺ វះកាត់ ៤.អគាររដ្ឋបាល និង ៥.ផ្នែកផ្តល់សេវាគាំទ្រ រួមមាន៖ បន្ទប់ផ្គត់ផ្គង់ចរន្តអគ្គីសនី ដែលមានម៉ាស៊ីនភ្លើងដំណើរការ ដោយស្វ័យប្រវត្តិពេលដាច់ចរន្តអគ្គីសនី អាងស្តុក ទឹកស្អាត អាងចម្រុះទឹកកខ្វក់ និងប្រព័ន្ធពន្លត់អគ្គីភ័យ៕