(ភ្នំពេញ)៖ ដោយក្តីកង្វល់ពីសុខសុវត្ថិភាព ការរស់នៅរបស់ប្រជាពលរដ្ឋ សហគមន៍អណ្តូង ខណៈភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចាត់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍អណ្តូងទី៤ និងអណ្តូងទី៦ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

គ្រាដែលចុះផ្ទាល់តាមខ្នងផ្ទះក្នុងសហគមន៍ប្រមាណ៣០០គ្រួសារនេះ លោកស្រី មុំ ចាន់ដានី បាននាំនូវការផ្តាំផ្ញើរបស់លោក ឃួង ស្រេង អំពាវនាវឲ្យប្រជាពលរដ្ឋថែទាំសុខភាព ប្រយ័ត្នប្រយែងមើលកូនចៅ កុំឲ្យលេងទឹកផ្តេសផ្តាស់ ដែលអាចនាំឲ្យកើតមានជំងឺឆ្លងផ្សេងៗ។ សូមរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ពិសេសនៅពេលបញ្ហារងនូវជំនន់ទឹកភ្លៀងនេះ វាអាចមានបញ្ហាសត្វអសិរពិស ពិសេសប្រយ័ត្នក្មេងៗ ដែលអាចនាំបាត់បង់ជីវិតដោយប្រការណាមួយ។

លោកស្រី បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចសាលារាជធានីភ្នំពេញ ជីវភាពបងប្អូននៅសហគមន៍អណ្តូង មានជីវភាពល្អប្រសើរ មានភ្លើង មានផ្លូវ មានទឹកស្អាតប្រើប្រាស់ មន្ទីរពេទ្យ សាលារៀន ដោយមិនទុកឲ្យបងប្អូនឯកោឡើយ។ លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរនៅទីនេះ តំណាងឲ្យអាជ្ញាធររាជធានីភ្នំពេញ គឺលោកអភិបាល បានយកចិត្តទុកដាក់យ៉ាងសកម្ម ចំពោះការផ្តល់សេវា និងការរស់របស់ប្រជាពលរដ្ឋ គឺថ្នាក់ដឹកនាំតែងគិតគូរចុះមកដោយផ្ទាល់ ដើម្បីរួមសុខរួមទុកជាមួយបងប្អូនប្រជាពលរដ្ឋ ដូចវេលានេះ ជាដើម។

ជាមួយគ្នានេះ លោកស្រីប្រធាន ស្នើឲ្យប្រជាពលរដ្ឋធ្វើការវេចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ ចៀសវាងការចោលរាយប៉ាយ ដែលអាចឲ្យសំរាមអណ្តែតតាមទឹក មានភាពមិនល្អក្នុងសហគមន៍។ ពិសេសចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងមន្ទីរ សុខាភិបាល ក្នុងការចូលរួមយុទ្ធនាការ បង្ការទប់ស្កាត់កូវីដ-១៩ ការសម្អាតខ្លួនប្រាណ និងការលាងសំអាតដៃជាមួយសាប៊ូ ឬទឹកអាកុលឲ្យបានជាប់ជាប្រចាំ៕