(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ នៅសាលាឃុំស្វាយចចិប ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

វេទិកានេះមានការចូលរួមពី អស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ អភិបាលស្រុក តំណាងមន្ទីរ ការិយាល័យជំនាញជុំវិញស្រុកបរសេដ្ឋ អាជ្ញាធរឃុំស្វាយចចិប កងកម្លាំងប្រដាប់អាវុធ និងប្រជាជនប្រមាណ ៩០នាក់។

ជាកិច្ចកិច្ចចាប់ផ្តើម លោកអភិបាលស្រុកឡើងរាយការណ៍ជូនអង្គវេទិកា ដោយសង្កត់បញ្ជាក់ថា ស្រុកបរសេដ្ឋបានសម្រេចការតបណ្តាញអគ្គិសនី ចូលគ្រប់ភូមិទាំង២១៨ និងទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ពីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា បើនិយាយពីសុខសន្តិភាព របបគ្រប់គ្រងប្រទេសយើងសព្វថ្ងៃបាននាំមកនូវសន្តិភាព២២ឆ្នាំហើយ បើគិតពីឆ្នាំ១៩៩៨មក។ ដោយសារមានសុខសន្តិភាពបរិបូណ៌ ទើបយើងមានការអភិវឌ្ឍ។ បើតាមរបាយការណ៍របស់លោកអភិបាលស្រុក ភូមិចំនួន២១៨ស្មើ១០០% មានអគ្គិសនីប្រើប្រាស់ហើយ។ ឯភាពក្រីក្រមានចំនួន ១៣,៤៣%។ ដោយសារយើងលែងក្រ ដូច្នេះគេលែងសូវជួយហើយ គឺគេឱ្យលុយខ្ចីដើម្បីអភិវឌ្ឍ។ របបដឹកនាំរបស់យើងសព្វថ្ងៃគឺជារបបប្រជាធិបតេយ្យ។ បើជារបបផ្តាច់ការដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះ យើងមិនចបាច់ចុះមកជួបគ្នាដូចក្នុងវេទិកានេះទេ។ យើងក៏បានរៀបចំការបោះឆ្នោតឆ្នោតជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។ អំណាចកើតចេញមកពីប្រជាជន។ លោកសង្កត់ធ្ងន់ថា សិទ្ធិមនុស្សរក្សាបានតែនៅពេលប្រទេសមានសុខសន្តិភាពទេ។

លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យអ្នកចូលរួម លើកជាសំណួរ ឬសំណូមពរ។ ជាមួយគ្នានោះ មេភូមិ តំណាងភូមិ និងប្រជាពលរដ្ឋបានលើកជាសំណូមពរ និងសំណួរពាក់ព័ន្ធនឹង
*ទី១៖ ហេដ្ឋារចនាសម្ព័ន្ធ (ទ្វារទឹក ក្នុងភូមិត្រយឹងទេរ និងផ្លូវនៅភូមិឫស្សីយល់)
*ទី២៖ អត្តសញ្ញាណប័ណ្ណ
*ទី៣៖ ការអប់រំ (ការកំណត់អាយុសិស្ស)។

ជាការឆ្លើយតបមុនសម្រេចដោះស្រាយជូនម្ចាស់សំណួរ ក៏ដូចជាប្រជាពលរដ្ឋ លោកទេសរដ្ឋមន្ត្រីបានស្នើ លោកអភិបាលស្រុក តំណាងមន្ទីរ និងលោកមេឃុំ ឡើងឆ្លើយ និងបំភ្លឺ។ ទាក់ទងនឹង ទ្វារទឹក មន្ទីរធនធានទឹក និងឧតុនិយម បានទទួលយកទៅដោះស្រាយជូន។ ចំពោះការយឺតយ៉ាវ និងការចំណាយក្រៅផ្លូវការក្នុងការចេញអត្តសញ្ញាណប័ណ្ណ លោកអធិការរងស្រុកបានស្នើថា បើរយៈពេលដែលទទួលបានលើសពី៣០ថ្ងៃ សូមទាក់ទងទៅលោកសួរនាំ ដើម្បីពិនិត្យដោះស្រាយ។ ចំណែកឯការកំណត់អាយុសិស្ស តំណាងមន្ទីរអប់រំ យុវជន និងកីឡា បានបំភ្លឺថា ការកំណត់អាយុចូលរៀន អាយុ៦ឆ្នាំ គឺយោងតាមច្បាប់រដ្ឋធម្មនុញ្ញ។ ក្នុងរយៈពេលកន្លងមក ប្រជាពលរដ្ឋបានយកកូនដែលមិនទាន់ដល់អាយុយកទៅផ្ញើសាលា។ កុមារទាំងនោះរៀនពូកែ ដូច្នេះក៏ចុះឈ្មោះឱ្យចូលរៀនហើយបានឡើងថ្នាក់។ ប៉ុន្តែដល់ប្រឡងពេលមធ្យមសិក្សាបឋមភូមិ ដែលត្រូវពិនិត្យអាយុ ឪពុកម្តាយនាំគ្នារត់ការកែអាយុកូន។

លោកបន្តថា ក្រុមដែលមិនគ្រប់អាយុសុទ្ធតែពូកែទាំងអស់។ ដូច្នេះ សូមស្នើបន្ធូរបន្ថយការកំណត់អាយុ។ ជាដំណោះស្រាយ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ រៀបចំសំណុំឯកសារស្នើសុំទៅលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានការអនុញ្ញាតពិសេស។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលទទួលខុសត្រូវជំងឺអេដស៍ ចង់រៀបចំការងារអេដស៍ឱ្យបានល្អ។ ក្រុមការងារអាជ្ញាធរនឹងចុះមកសហការការរៀបចំ សិក្ខាសាលាជាមួយស្រុកនានាក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ និង១៤ ខែតុលានេះ។ សព្វថ្ងៃយើងមានការបារម្ភយុវវ័យ ដែលជាក្រុមបុរសរួមភេទជាមួយបុរស។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនវេទិកាថា រាជរដ្ឋាភិបាលនឹងខិតខំបន្តគោលនយោបាយ ក្នុងវិស័យសុខាភិបាលទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩បន្តទៅទៀត ហើយនិងបន្តឧបត្ថម្ភគ្រួសារក្រីក្រ រហូតដល់ដំំណាច់ឆ្នាំ២០២០។ ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា ដើម្បីការពារ និងយកឈ្នះជំងឺអេដស៍ ស្រោមអនាម័យជារបស់ប្រើប្រាស់ដែលសំខាន់ចាំបាច់៕