(ភ្នំពេញ)៖ ខណៈប្រកាសបង្កើតគណបក្សថ្មីឈ្មោះ «រួបរួមជាតិ» នោះ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា បក្សថ្មីដែលលោកនឹងបង្កើត នៅពេលខាងមុខនេះ នៅតែប្រកាន់ជំហរគាំទ្រដល់របបរាជានិយម។

លោក ញឹក ប៊ុនឆៃ បានសម្រេចដើរចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សដែលលោក ធ្លាប់បានចូលរួមបង្កើតជាមួយអតីតព្រះមហាក្សត្រ បន្ទាប់ពីធ្វើការរួបរួមជាថ្មី ជាមួយគណបក្សរបស់សម្តេចក្រុមព្រះ បានរយៈពេល១ឆ្នាំ។

នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ញឹក ប៊ុនឆៃ បាននិយាយថា «ខ្ញុំសុទ្ធតែជាអ្នកធ្លាប់បានដង្ហែ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ សម្តេចឪ សម្តេចតា ក្នុងការតស៊ូនៅពេលនោះ នៅពេលនេះជារណសិរ្យហ៊្វុនស៊ិនប៉ិច រយៈពេល១០ហ្នឹង គឺធ្លាប់ដង្ហែព្រះអង្គមករហូត អញ្ចឹងពួកយើងខ្ញុំនេះគឺថា ចំណុចសំខាន់គឺការគាំទ្ររាជានិយម និងរាជបល្ល័ង្ក គឺយើងនៅតែរក្សាគោលជំហរហ្នឹងដដែល មិនមែនថាយើងផ្លាស់ប្តូរទេ»

លោកបញ្ជាក់ថា គណបក្សថ្មីនេះ នឹងប្រើប្រាស់ឡូហ្គោរូបវិមានឯករាជ្យ ដូចទៅនឹងគណបក្សហ៊្វុនស៊ិនប៉ិចចាស់ ហើយថាក្រុមការងារកំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីដាក់ស្នើទៅក្រសួងមហាផ្ទៃ សុំការអនុញ្ញាតផ្លូវការក្នុងពេលខាងមុខនេះ។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច និងជាមនុស្សជំនិតរបស់សម្តេចក្រុមព្រះ បាននិយាយថា ការប្រកាសពីការបង្កើតបក្សថ្មីនេះ គឺជាគម្រោងទុកមុន របស់លោក ញឹក ប៊ុនឆៃ ហើយថាសម្តេចក្រុមព្រះមិនបានបណ្តេញលោក ញឹក ប៊ុនឆៃ ចេញពីបក្សនោះទេ ប៉ុន្តែការសម្រេចចិត្តដើរចេញ គឺជាសិទ្ធិរបស់លោក។ លោកថា «សម្តេចក្រុមព្រះ មិនដែលមានគំនិត ឬនឹងមានគំនិតថា នឹងបណ្តេញអ្នកនរណាចេញ ពីគណបក្សហ៊្វុនស៊ិនប៉ិចទេ»

លោកបានបន្ថែមថា «អ្នកដែលចេញទៅហ្នឹងត្រូវតែសង្រួមអារម្មណ៍ តើធ្វើដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ឬធ្វើដើម្បីជាតិ ឬក៏ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន»

គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់បានបែកខ្ញែកជាពីរ ក្រោយព្រឹត្តិការទម្លាក់សម្តេចក្រុមព្រះ ចេញពីប្រធានគណបក្ស កាលពីថ្ងៃ១៨ ខែតុលា ឆ្នាំ២០០៦ មុនពេលព្រះអង្គ បង្កើតគណបក្សមួយឈ្មោះថា «គណបក្សនរោត្តមរណឫទ្ធិ» ។ ការបោះឆ្នោតជាតិ កាលពីឆ្នាំ២០០៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន២កៅអី ហើយគណបក្សនរោត្តមរណឫទ្ធិ ទទួលបាន២កៅអីដែរ ប៉ុន្តែសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ គណបក្សទាំងពីរនេះ មិនទទួលអសនៈនៅក្នុងសភានោះទេ។ កាលពីឆ្នាំមុន គណបក្សរបស់សម្តេចក្រុមព្រះ និងគណបក្សហ៊្វុនស៊ិនប៉ិច បានរួបរួមគ្នាឡើងវិញ៕