(មណ្ឌលគិរី)៖ ឈើហ៊ុបមូល និងឈើឡាំងជាបួនជ្រុងប្រភេទឈើលេខមួយ មានចំនួនរាប់រយកំណាត់ដែលគេកាប់ អារ រំលំក្នុងដែនជំរកសត្វព្រៃភ្នំណាំលៀរ នៅស្រុកពេជ្រាដាខេត្តមណ្ឌលគិរី នៅពេលថ្មីៗនេះ ដែលត្រូវកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរីសហការ ជាមួយសមត្ថកិចំរុះស្រាវជ្រាវរកឃើញ ប្រមាណ៤០០កំណាត់ ហើយត្រូវរឹបអូសនោះ ស្រាប់តែបាត់ទៅវិញ សង្ស័យគេលួចយកទៅ។

សហគមន៍ការពារព្រៃឈើ នៅឃុំប៊ូស្រាបានឱ្យដឹងថា ឈើខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ ខាងលើនេះគឺជាឈើរបស់លោក សារិន គឹមអាត មេបញ្ជាការយោធាស្រុកពេជ្រាដា និងលោកខន សុខខឿន អតីតប្រធានច្រករបៀងការពារព្រំដែនប៉ុស្តិ៍៦ ក្រោមការឃុបឃិតជាមួយលោក រ័ត្ន សុវណ្ណ នាយកដែនជំរកសត្វព្រៃភ្នំណាំលៀរ និងលោក ឌិន ប៊ុនធឿន នាយករងដែននេះផងដែរ ទើបបានជាមេយោធារូបនេះ កាប់បំផ្លាញព្រៃឈើហាមឃាត់​ របស់រដ្ឋបានយ៉ាងរលូនបែបនេះ។

លោក សារិន គឹមអាត មេយោធាស្រុកពេជ្រាដា ដែលរងការចោទប្រកាន់បានប្រាប់ថា «កំពុងជាប់រវល់ប្រជុំ»។ លោក ឃិន ម៉េងស្រេង មេយោធាខេត្តមណ្ឌលគិរី ធ្លាប់បានបញ្ជាក់ថា ឈើនោះលោកបានចាប់ និងធ្វើការប្រមូលប្រគល់ឱ្យជំនាញអស់ហើយ។

លោក វង់ សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ក៏បានបញ្ជាក់ថា ក្រុមការងារជំនាញរបស់លោក កំពុងបន្តចុះស្រាវជ្រាវរកបទល្មើស ដើម្បីធ្វើការរឹបអូសវត្ថុតាង និងចាត់ការតាមផ្លូវច្បាប់។ លោកនាយខណ្ឌបានបន្តទៀតថា ជាក់ស្តែងយុទ្ធនាការចុះបង្រ្កាបបទល្មើសព្រៃឈើ តាមបន្ទាត់ព្រំដែនក្នុងស្រុកពេជ្រាដា និងស្រុកកែវសីមា រកឃើញខុសច្បាប់ បានចំនួន៦០០កំណាត់ ជំនាញកំពុងធ្វើការប្រមូលមករក្សាទុក និងកំពុងបន្តធ្វើការស្រាវជ្រាវ រកបទល្មើសទីតាំងផ្សេងៗទៀ ត។

លោក អេង ប៊ុនហ៊ាងអភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំនៅភ្នំពេញ តែលោកបានចាត់ចែង ឱ្យមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តចាត់ការលើរឿងនេះហើយ៕