(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដឹកនាំសមាជិក-សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កងកម្លាំងទាំងបីប្រភេទ និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្ត និងមូលដ្ឋានចុះពិនិត្យស្ថានភាពទឹកជំនន់ជួយសង្គ្រោះ និងចែកស្បៀងអាហារសង្រ្គោះបន្ទាន់ជូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាពសរុបចំនួន ៧២៥ គ្រួសារ ស្ថិតនៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

នាឱកាសនោះ លោក អ៉ី ឈាន បាននាំការផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋគ្រួសាររងគ្រោះទាំងអស់ ក៏ដូចជាការចូលរួមសោកស្តាយនូវការខូចខាតលំនៅដ្ឋាន និងបាត់បង់ខូចខាតសម្ភារៈផងដែរ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់ផ្នែកខាងក្រោមនៃខេត្តប៉ៃលិន រួមមានឃុំសាលាក្រៅ ឃុំអូរអណ្តូង ពិសេសឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីជំនន់ទឹកភ្លៀងដែលអាចបង្កឡើងជាយថាហេតុ ហើយបើមានសភាពការណ៍អ្វីមិនស្រួលពីជំនន់ទឹកភ្លៀង ត្រូវរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងក្រុមការងារនៅប្រចាំការក្នុងឃុំ ឬក្រុមការងារយុវជន ស.ស.យ.ក. នៅមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារបានជួយជម្លៀស និងសង្រ្គោះប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

សូមបញ្ជាក់ថា រយ:ពេល៤ថ្ងៃកន្លងមកនេះ នៅខេត្តប៉ៃលិន មាន ភ្លៀងធ្លាក់ខ្លាំងនិងបន្តជាប់ៗគ្នាច្រើនម៉ោងបានបង្កឱ្យមានជំនន់ទឹកភ្លៀង ធ្វើឱ្យមានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង ភោគផលដំណាំរាប់ហិកតា និងសត្វពាហនៈជាច្រើន និងបំផ្លេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពាន សាលរៀន និងវត្តអារាម នៅក្នុងឃុំសាលាក្រៅ ឃុំអូរអណ្តូង និងពិសេសឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារ ស.ស.យ.ក.ខេត្ត រួមសហកាណ៍ជាមួយអាជ្ញាធរភូមិ ឃុំ កងកម្លាំង បានជួយជម្លៀសប្រជាពលរដ្ឋឱ្យមករកទីទួលសុវត្ថិភាព និងចែកស្បៀងសង្រ្គោះបន្ទាន់បឋមជូនគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះសរុបជាង ១,៣០០ គ្រួសារផងដែរ៕