(ភ្នំពេញ)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ ប្រកបដោយផ្លែផ្កា រយៈពេល២ថ្ងៃ នៅក្នុងប្រទេសជាមិត្តដែកថែបរបស់ខ្លួន។

លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

អំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ប្រមុខការទូតចិនរូបនេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ជួបពិភាក្សាការងារជាមួយ លោក ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ក្រៅពីមានជំនួបជាមន្រ្តីជាន់ខ្ពស់កម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារចំនួន៣ទៀត។ កិច្ចព្រមព្រៀង និងឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី ក្នុងនោះមាន៖

១៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា

២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន

៣៖ លិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

៤៖ លិខិតប្តូរសារស្តីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

លោក វ៉ាង យី បានក្លាយជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី២ហើយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងបរិបទនៃការយាយីដោយជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០។ ភ្ញៀវបរទេសទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា កន្លងទៅនេះ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ បានចូលរួមចំណែកបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន។

ទាំងពលរដ្ឋខ្មែរ និងចិន បានសាទរចំពោះដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ដែលនឹងជំរុញដល់ការនាំចេញទៅវិញទៅមករបស់ប្រទេសទាំងពីរ ជាពិសេសនឹងបង្កើនទំហំពាណិជ្ជកម្មទៅវិញទៅមក នៅឆ្នាំបន្តបន្ទាប់ខាងមុខ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរនាំចេញ-នាំចូលទំនិញជាច្រើនទៅវិញទៅមកដោយមិនគិតពន្ធ៕