(ភ្នំពេញ)៖ លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ បានជំរុញរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាស ដល់ក្រុមហ៊ុន ANGKOR GOLD CORP មកពីប្រទេសកាណាដា បន្ទាប់ពីលោកបានមើលឃើញថា ក្រុមហ៊ុនមួយនេះ មានប្រព័ន្ធការងារល្អ តាមបទដ្ឋានបច្ចេកទេស និងបានសិក្សាយ៉ាងល្អិតល្អន់ នាំឲ្យមានការអភិវឌ្ឍល្អប្រសើរ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងជំរុញឲ្យរាជរដ្ឋាភិបាល ផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែដល់ក្រុមហ៊ុន ANGKOR GOLD CORP របស់លោក ម៉ៅ មុនីវណ្ណ បានធ្វើឡើងក្នុងពេល ដែលរូបលោកចុះទៅពិនិត្យទីតាំងរុករករ៉ែមាស ក៏ដូចជាគម្រោងរបស់ក្រុមហ៊ុននាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្នុងខេត្តរតនគិរី។ ដំណើរចុះទៅពិនិត្យនេះ ក៏មានការចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនទៀត។

លោក ម៉ៅ មុនីវណ្ណ បានថ្លែងលើ Facebook របស់លោកថា «ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនរុករករ៉ែមាសរបស់ក្រុមហ៊ុន ANGKOR GOLD CORP (មកពីប្រទេសកាណាដា) មានគម្រោងច្បាស់លាស់រៀបចំប្រព័ន្ធការងារ និង ប្រព័ន្ធកសិកម្ម ដែលមានប្រសិទ្ធភាពសម្រាប់អភិវឌ្ឍន៍ដល់កសិករ នៅមូលដ្ឋាន។ ខ្ញុំយល់ថា ក្នុងករណីដែលក្រុមហ៊ុនអនុវត្តន៍ គម្រោងអភិវឌ្ឍន៍កសិម្ម ដោយសុចរិក លើកតម្កើងជីវភាពល្អប្រសើរ និងគ្មានផលប៉ះពាល់ ដល់ប្រជាកសិករ គឺជារឿងល្អ ដូច្នេះក្រុមហ៊ុនគួរត្រូវបានជំរុញឲ្យទទួលបាន អាជ្ញាប័ណ្ណក្នុងការធ្វើអាជីវកម្មរ៉ែមាសនេះ»

ទីតាំងដែលក្រុមហ៊ុន ANGKOR GOLD CORP របស់ប្រទេសកាណាដា បានសិក្សា ដើម្បីរុករករ៉ែមាសតាំងពីឆ្នាំ២០០៥មក នោះ ស្ថិតនៅក្នុងភូមិស្វាយរុន (ពាក់) ឃុំយ៉ាទុង ស្រុកបរកែវ ខេត្តរតនគិរី។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្តធារ៉ា បានប្រាប់ Fresh News ថា បន្ទាប់ពីការស្រាវជ្រាវ អស់រយៈពេលជាង១០ឆ្នាំ ក្រុមហ៊ុន ANGKOR GOLD CORP បានរកឃើញថា នៅតំបន់ខាងលើនេះ មានសក្តានុពលផ្នែករ៉ែមាសខ្លាំង ហើយក្រុមហ៊ុនក៏កំពុងធ្វើពាក្យស្នើសុំ ដើម្បីធ្វើអាជីវរ៉ែមាសបន្ត នៅលើផ្ទៃប្រមាណ១២គីឡូម៉ែត្រក្រឡា។

បើតាមលោក ម៉េង ស័ក្តធារ៉ា អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនេះ អាចនឹងផ្តល់ជូនក្រុមហ៊ុន ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈពាក្យស្នើសុំរួមនិង លិខិតបទដ្ឋានមួយចំនួនទៀត ត្រូវបានដាក់ដល់ដៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជារួចរាល់ហើយ។ លោក ម៉េង ស័ក្តធារ៉ា បានឲ្យដឹងផងដែរថា ក្រុមហ៊ុន ANGKOR GOLD CORP គឺជាក្រុមហ៊ុនវិនិយោគគំរូមួយ ដែលអនុវត្តតាម បែបបទបច្ចេកទេសស្តង់ដាអន្តរជាតិ។

លោក ម៉េង ស័ក្តធារ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ទទួលបានប្រាក់ចំណូលចូលជាតិប្រមាណពី ០.៥ ទៅ ១លានដុល្លារអាមេរិក អាស្រ័យលើទីផ្សារតម្លៃមាស ហើយក្រុមហ៊ុនក៏បានចូលរួមចំណែក អភិវឌ្ឍដល់សហគមន៍ប្រជាពលរដ្ឋ ដែលនៅតំបន់នោះផងដែរ៕