(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើ ជួយកៀរគរគម្រោងថ្មីៗ ដោយជ្រើសរើសសហគមន៍ព្រៃឈើទូទាំងប្រទេស ធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀង។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន នាំយកកូនឫស្សីសាំងម៉ុន ចំនួន២ពាន់ដើម មកចែកជូនសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ និងសហគមន៍ព្រៃឈើគោកចាស់ ដោយសហគមន៍នីមួយៗ ទទួលបានកូនឫស្សីចំនួន១ពាន់ដើម នៅភូមិថ្នល់ដាច់ ឃុំខ្នាពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

លោក គង់ ប៉ុនលួស អនុប្រធានគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ បានអានរបាយការណ៍ ជូនអង្គពិធីជ្រាបថា សហគមន៍បានបង្កើតនៅឆ្នាំ១៩៩៩ មានផ្ទៃដី១០២២ហិកតា និងមានសមាជិក៤៩នាក់។

លោកបានបន្តរៀបរាប់ អំពីស្ថានភាពជារួមនៃសហគមន៍ព្រៃឈើ សកម្មភាពជីវភាពរបស់សមាជិកសហគមន៍ តួនាទី និងភារកិច្ចក្នុងការការពារ និងថែរក្សាព្រៃឈើ សត្វព្រៃ ការប្រមូលផល និងអនុផលព្រៃឈើ ការធ្វើអេកូទេសចរណ៍ ការកសាងហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ បញ្ហាប្រឈម ទិសដៅ និងសំណើ -ល-។

ស្ថិតក្នុងទឹកដីអង្គរដ៏បវរ និងក្នុងព្រៃឈើដ៏សែនមនោរម្យ លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការសំណេះសំណាល ជាមួយបងប្អូនប្រជាសហគមន៍ ដោយបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកទាំងពីរតែងតែ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន ហើយសម្តេចសូមជូនពរ ឲ្យបងប្អូនទទួលបាននូវពុទ្ធពរទាំង ៤ប្រការ។

លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ ដែលបានសហការគ្នា រៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសរៀបចំពិធីចែក និងដាំឫស្សី ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវៈចំរុះ ធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ។

ដើម្បីរក្សាបាននូវនិរន្តរភាព នៃការគ្រប់គ្រងសហគមន៍ព្រៃឈើ និរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗ ដោយជ្រើសរើសសហគមន៍នេះ និងសហគមន៍ព្រៃឈើទូទាំងប្រទេស ធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀង តាមរយ:ការចិញ្ចឹមសត្វ (មាន់ស្រែ) ត្រី ដាំបន្លែ និងដំណាំរួមផ្សំ ដើម្បីបន្តការអភិវឌ្ឍសហគមន៍ ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយ ជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែម ពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយៈបង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ រួមទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងសហគមន៍ឲ្យបានល្អ ដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវ ការពារភ្លើងឆេះព្រៃ ត្រូវបោះបង្គោលព្រំដីសហគមន៍ និងធ្វើប្លង់ដីកម្មសិទ្ធិចៀសវាងការទន្រ្ទានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ។

តាមសំណើរបស់សហគមន៍ លោករដ្ឋមន្ត្រី វេង សាខុន ថានឹងជួយជួសជុលទំនប់ទឹកប្រវែង១៦០ម៉ែត្រ ទប់ទឹកទុកប្រើប្រាស់ជាប្រយោជន៍រួម។

យោងលើរបាយការណ៍ របស់រដ្ឋបាលព្រៃឈើ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេស មានសហគមន៍ព្រៃឈើចំនួន៦៣៦ (៥១៨,៥២៦ហិកតា) ក្នុងនោះ បានសហគមន៍ចំនួន៤៩៦ (៤៣,៥៨០ហិកតា) ត្រូវបានចុះបញ្ជីទទួលស្គាល់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានចុះកិច្ចព្រមព្រៀងព្រៃ សហគមន៍ចំនួន ៤៤០ (៣៦៥,៣០៦ហិកតា)។

ដោយឡែកខេត្តសៀម រាបមានសហគមន៍ព្រៃឈើចំនួន ៦២ គ្របដណ្តប់លើផ្ទៃដីព្រៃ ៣៤ ៦៩០ហិកតា។ បច្ចុប្បន្ន សហគមន៍ភាគច្រើន បានពឹងអាស្រ័យលើការប្រមូលអនុផលព្រៃឈើ ដូចជាផ្សិត ផ្លែឈើព្រៃ ឃ្មុំព្រៃ កែច្នែទ្រាំង កែច្នៃឬស្សីប្រើប្រាស់ និងលក់ ដែលអាចរកចំណូលបានជាមធ្យមពី ៨-១២លាន រៀលក្នុងមួយឆ្នាំ ក្នុងមួយសហគមន៍។

ដើម្បីកែប្រែកម្រិតជីវភាព និងរក្សាបាននូវនិរន្តរភាពស្បៀង រដ្ឋបាលព្រៃ ឈើបានអនុវត្តសាកល្បងនូវជម្រើសកសិ-រុក្ខកម្ម នៅក្នុងព្រៃសហគមន៍ចំនួន ៥កន្លែងក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ចំនួន ៨កន្លែង (២ហិកតា ក្នុងមួយសហគមន៍) ដោយដាំកូនឈើធ្នង់ ស្តៅ និងឫស្សី នៅចន្លោះកូនឈើសហគមន៍ បានដាំដំណាំកសិកម្មដូចជា ក្រូចឆ្មា ស្វាយចន្ទី ពោត សណ្តែក និងឪឡឹក។ ដោយសារផលកសិ-រុក្ខកម្មនេះ សហគមន៍អាចរកចំណូលបាន៤-៧ លានរៀលក្នុងមួយឆ្នាំ ក្នុងមួយសហគមន៍បន្ថែមទៀត។

ចំពោះឫស្សីដាំថ្ងៃនេះ គឺជាឫស្សីពូជសាំងម៉ុន (Dendrocalamus sp.) ដែលត្រូវបានគេហៅថា ឫស្សីយក្ស ឬឫស្សីនាគ។ វាមានដើមធំ (អង្កត់ផ្ចឹតពី១០-៣០សង់ទីម៉ែត្រ) និងមានកំពង់រហូតដល់ ២៥-៣៥ម៉ែត្រ ដែលគេដាំសម្រាប់ យកដើមមកប្រើប្រាស់ជាគ្រឿងសង្ហារឹម នៅអាយុ ៥-៧ឆ្នាំ អាចប្រមូលផលបាន។

ចំពោះការចែក និងដាំកូនឫស្សី នារសៀលថ្ងៃនេះ គឺជាការដាំជានិមិត្តរូប នៃចលនាដាំកូនឫស្សីរបស់រដ្ឋបាលព្រៃឈើចំនួន ១១,០០០កូន ជូន១១ សហគមន៍ព្រៃឈើ ក្នុងខេត្តគោលចំនួន៧ គឺខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ៕